ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ បានមកតវ៉ាបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនលោក ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ឡើងវិញ។

ក្រោយពីមានការតវ៉ាបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញលោក ទិតសុទ្ធី បូរ៉ាឆាត អនុប្រធានសាលាដំបូងរាជធានីភ្នំពេញចេញមកបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋ ដោយតុលាការសម្រេចទទួលយកលិខិតអន្តរាគមន៍របស់ប្រជាពលរដ្ឋ ដែលមាន៧ចំណុច និងសុំពេលចំនួនពីរសប្ដាហ៍ គឺថ្ងៃទី៨ខែធ្នូឆ្នាំ២០២៥ជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ។
ក្រោយពីមានការសម្របសម្រួលរបស់លោកអនុប្រធានសាលាដំបូងរួច បងប្អូនប្រជាពលរដ្ឋមិនព្រមទៅណាទេរហូតដល់ម៉ោង២ជាង គឺមានវត្តមានលោកប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ ចេញមកអញ្ជើញអ្នកតំណាងចំនួន១១នាក់ចូលទៅតុលាការ ដេីម្បីរកដំណោះស្រាយ ក្រោយមកតុលាការក៏សម្រេចទទួលយកលិខិតអន្តរាគមន៍របស់ប្រជាពលរដ្ឋ និងកំណត់យកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ដេីម្បីបេីកសវនាការជំនុំជម្រះលើអតីតឧកញ៉ា ហ៉ី គីមហុង ចំនួន៥រឿង។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋដែលអញ្ជើញមកសាលាដំបូងរាជធានីភ្នំពេញនិងបិទផ្លូវនេះ គោលបំណងស្នេីសុំឲ្យតុលាការចេញដីកាចាប់ខ្លួនអតីតឧកញ៉ា ហ៉ី គីមហុង និងបក្ខពួក និងសូមឲ្យតុលាការ ឆាប់ដោះស្រាយសំណុំរឿង រឹបអូសទ្រព្យសម្បត្តិ និងស្នើសុំឲ្យធនាគារ ផ្អាកបង់ប្រាក់ដេីម ប្រាក់ការ ស្នេីសុំឲ្យតុលាការចោទប្រកាន់ក្រុមអតីតឧកញ៉ា ហ៉ី គីមហុង ពីបទ លាងសម្អាតប្រាក់ ស្នើសុំឲ្យតុលាការបញ្ចប់សំណុំរឿងរបស់ប្រជាពលរដ្ឋត្រឹមសាលាដំបូង និងស្នើសុំឲ្យតុលាការរកយុត្តិធម៌រឿងជនគំរាមកំហែង និងប្តឹងផ្តល់មកកាន់តំណាងប្រជាពលរដ្ឋ។




ក្រោយពីអ្នកតំណាងចំនួន១១នាក់ចូលទៅតុលាការរួចមកបានចេញមកនិយាយ ពីចំណាត់ការរបស់តុលាការប្រាប់បងប្អូនប្រជាពលរដ្ឋ បងប្អូនប្រជាពលរដ្ឋសប្បាយសាទរ និងបានរំសាយទៅគេហដ្ឋានរបស់ពួកគាត់វិញនាវេលាម៉ោងជាង៥ល្ងាច។
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋធ្វេីឡេីងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកា ពីបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តប្រឆាំងនិងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។
