នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យនៃកងទ័ពជើងទឹកថៃ (RTN) បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ជូននាវាចម្បាំងដ៏ធំរបស់ខ្លួនគឺ នាវា HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅតំបន់ភាគខាងត្បូងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់។

នាវាចម្បាំងនេះ នឹងចេញដំណើរពីមូលដ្ឋានទ័ពជើងទឹកសាត់តាហ៊ីប (Sattahip) នាថ្ងៃអង្គារនេះ រួមជាមួយនឹងឧទ្ធម្ភាគចក្រចំនួន ២គ្រឿង និងក្រុមប្រតិបត្តិការពិសេស ព្រមទាំងក្រុមគ្រូពេទ្យ ក្រុមផ្ទះបាយចល័យ អាហារ ទឹក សម្ភារៈសង្រ្គោះ និងបរិក្ខាសង្រ្គោះ។

កងទ័ពជើងទឹកថៃ (RTN) ក៏បានត្រៀមដាក់ពង្រាយនាវា២បន្ថែមទៀត គឺ នាវា HTMS Chang និងនាវា HTMS Ang Thong ជាជំនួយដំណាក់កាលទីពីរ ប្រសិនបើត្រូវការកម្លាំងជួយសង្រ្គោះបន្ថែម។ កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន ១៤គ្រឿងមកពីបញ្ជាការសង្គ្រាមពិសេសកងទ័ពជើងទឹក (NSWC) ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសភូមិន្ទថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំងផងដែរ។



បើតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានថៃ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅតាមបណ្ដោយដងទន្លេចៅប្រាយ៉ា មានយ៉ាងហោច២០នាក់ ខណៈដែលចំនួនអ្នកដែលស្លាប់ នៅក្នុងខេត្តភាគខាងត្បូងចំនួន ៦ខេត្ត មានរបាយការណ៍បឋមថាមានចំនួន៥នាក់ ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកស្លាប់ ដោយសារទឹកជំនន់នៅទូទាំងប្រទេសថៃមានចំនួន ២៥នាក់ហើយ៕

