ក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម ១៧ឆ្នាំ កំពុងមានភារកិច្ចប្រកួតវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីប AFC U17 Asian Cup Saudi Arabia 2026 ដោយឆ្លងកាត់២ប្រកួតមកនេះ U17 កម្ពុជា ធ្វើមិនទាន់បានល្អឡើយ ដោយចាញ់ទាំង២ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន នៃពូល B មាន ០ពិន្ទុ។
តារាងចំណាត់ថ្នាក់ពូល B

២ប្រកួតកន្លងទៅ ក្រុមគោព្រៃកម្ពុជា អាយុក្រោម១៧ឆ្នាំ មិនអាចរកពិន្ទុនៅឡើយទេ ដោយប្រកួតបើកឆាកទី១ចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ៣-១ កាលពីថ្ងៃទី២២ ខែវិច្ឆិកា និងប្រកួតទី២បន្តចាញ់ក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាក្តី ក្រុមគោព្រៃកម្ពុជា អាយុក្រោម១៧ឆ្នាំ នៅមានភារកិច្ចបន្តទៀត ដោយត្រូវបន្តប៉ះក្រុមជម្រើសជាតិចំនួន៣ក្នុងពូលបន្ថែមទៀតរួមមាន ក្រុមម្ចាស់ផ្ទះនៅកៀហ្ស៊ីស៊ីស្ថាន, យេម៉ែន និងក្រុមកោះហ្គាម ដើម្បីរក្សាក្តីសង្ឃឹមឡើងមកចំណាត់ថ្នាក់ខ្ពស់ក្នុងពូលឡើងវិញ។
កម្មវិធីប្រកួតបន្តរបស់ក្រុមគោព្រៃកម្ពុជា អាយុក្រោម ១៧ឆ្នាំ៖

ចំពោះពានរង្វាន់កម្រិតទ្វីប AFC U-17 Asian Cup qualification វគ្គជម្រុះក្នុងពូលគឺក្រុមកម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិយេម៉ែន, ឡាវ, ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន, ក្រុមកោះហ្គាម និង ប៉ាគីស្ថាន ខណៈការប្រកួតវគ្គជម្រុះនេះនឹងធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ក្នុងចំណោមក្រុមនៅតាមបូលទាំង៧ ពី A ដល់ G នឹងត្រូវប្រកួតប្រជែងគ្នាដើម្បីយកតែ ១ក្រុមប៉ុណ្ណោះ ឡើងទៅកាន់ជុំចុងក្រោយមាន ១៦ក្រុម រួមមានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងជើង កាតា កូរ៉េខាងត្បូង តាជីគីស្ថានអេមីរ៉ាតអារ៉ាប់រួម និងអ៊ូសបេគីស្ថាន កំពុងឈរចាំ។ ការប្រកួត នឹងចាប់ផ្ដើមពី៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោលគឺមានអាយុកាលជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, អ៊ូសបេគីស្ថានបានចំនួន២លើក រីឯក្រុមជម្រើសជាតិកាតា, អ៊ីរ៉ុង, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕

