តាមការផ្សព្វផ្សាយនៅថ្ងៃម្សិលមិញនេះ យោធាថៃបានចេញផែនការពង្រាយកងកម្លាំងទ័ពឱ្យដើរល្បាតតាមតំបន់ខ្សែបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា និងតាមតំបន់ច្រករបៀងធម្មជាតិទាំងយប់ទាំងថ្ងៃដើម្បីធានានូវការការពារសន្តិសុខ ទប់ស្កាត់ការជ្រៀតចូល ឬការហោះហើរឆ្លងដែនដោយចៃដន្យ។ យោធាថៃបានដាក់ពង្រាយ សព្វាវុធធំៗដូចជាកាំភ្លើងធំ ឬរថពាសដែកនៅតាមតំបន់យុទ្ធសាស្ត្រនានា ដើម្បីត្រៀមលក្ខណៈឆ្លើយតបបានវិញភ្លាម ប្រសិនបើមានការឈ្លានពាន ឬការបាញ់ផ្លោងមកលើទឹកដីថៃដោយអចេតនា ឬដោយចេតនា។

ផែនការនេះមានគោលបំណងចម្បងក្នុងការ ការពារសន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសថៃ និងធានាបាននូវសុវត្ថិភាពរបស់ប្រជាជនថៃដែលរស់នៅតាមបណ្តោយព្រំដែន។ ជំហានថ្មីរបស់ថៃនេះ គឺជាការឆ្លើយតបយ៉ាងប្រុងប្រយ័ត្នចំពោះស្ថានភាពសន្តិសុខដ៏ផុយស្រួយនៅម្ខាងព្រំដែនមីយ៉ាន់ម៉ា ខណៈដែលមីយ៉ាន់ម៉ាព្យាយាមអុកឡុកតាមតំបន់ព្រំដែនដែលជាប់ជាមួយថៃ ក្រោមហេតុផលបំបែកសំបុកឧក្រិដ្ឋកម្មតាមអនឡាញ និងសំបុកគ្រឿងញៀន ជាការឆ្លើយតបទៅនឹងសម្ដីរបស់មន្ត្រីជាន់ខ្ពស់របស់ថៃដែលធ្លាប់ចោទប្រកាន់ទៅលើមីយ៉ានម៉ាជាទីតាំងប្រព្រឹតិ្តិបទល្មើសឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងជួញដូរគ្រឿងញៀន ទាំងដែលថៃផ្ទាល់គឺស្ពានចម្លងនិងជាច្រកទ្វារបើកដៃក្នុងរឿងទាំងអស់នោះ។

យ៉ាងណាមិញ នៅថ្ងៃនេះដែរ នាយកដ្ឋានឧតុនិយមរបស់ថៃបានប្រកាសអាសន្នចំពោះ ៨ ខេត្តនៅភាគខាងត្បូងជាប់ព្រំដែនម៉ាឡេស៊ីដូចជា ខេត្តណាខុនស៊ីធម្មារ៉ាត់ ផាត់ថាឡុង សុងក្លា ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត ត្រាំង និងសាទុន ប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលរងសម្ពាធខ្យល់មូសុងឦសានដែលបក់បោកលើឈូងសមុទ្រថៃ។ រកលកនៅឈូងសមុទ្រថៃត្រូវបានគេរំពឹងថានឹងមានកម្លាំងខ្លាំង ដោយរលកឡើងដល់កម្ពស់ ២-៣ ម៉ែត្រ និង​លើស​ពី ៣ ម៉ែត្រនៅក្នុងតំបន់ដែលមានព្យុះផ្គររន្ទះ។ រីឯភាគខាងជើងវិញ ក៏ប្រឈមជាមួយកម្លាំងខ្យល់បក់ខ្លាំង ចុះត្រជាក់ ដែលតម្រូវឱ្យប្រជាជនយកចិត្តទុកដាក់ខ្ពស់លើការការពារសុខភាព និងប្រយ័ត្នរឿងអគ្គីភ័យ។

បច្ចុប្បន្នកងទ័ពជើងគោកថៃ ជើងទឹក និងអាកាសរបស់ថៃ កំពុងតែបែងចែកធនធាន និងកម្លាំងដើម្បីបំពេញបេសកកម្មចម្រុះទាំងទៅលើបេសកកម្មសន្តិសុខក្នុងការការពារអធិបតេយ្យភាពតាមបណ្តោយព្រំដែនសំខាន់ៗដូចជា ព្រំដែនមីយ៉ាន់ម៉ា ព្រំដែនម៉ាឡេស៊ី ព្រំដែនកម្ពុជា និងព្រំដែនឡាវ និងមួយផ្នែកទៀតត្រូវជួយលើបេសកកម្មមនុស្សធម៌ ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ការគ្រប់គ្រងទឹកជំនន់ និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅតំបន់ដែលមានហានិភ័យធម្មជាតិខ្ពស់នៅភាគខាងត្បូង។

បើនិយាយពីភាពស្អុយគគ្រុកនៅកណ្ដាលក្រុងបាងកកឯណោះវិញ គេបានរកឃើញថា មានមន្ត្រីនគរបាលនៅក្នុងពន្ធនាគារ មិនក្រោម២០នាក់នោះឡើយ ដែលបានគប់គិតគ្នា ផ្ដល់នូវសិទ្ធិពិសេសសម្រាប់អ្នកទោសចិន ពិសេសអ្នកទោសមានលុយសម្រាប់បង់ថ្លៃសេវា ដោយក្នុងនោះមានអ្នកទោសខ្លះ អាចមានស្រីមកកំដរ និងផ្ដល់សេវាកម្មផ្លូវភេទដល់ក្នុងបន្ទប់ឃុំឃាំង ជាពិសេសបន្ទប់ឃុំឃាំងមានទាំងទូរទឹកកក ម៉ាស៊ីន ត្រជាក់ បារី ស៊ីហ្គាថ្លៃៗ ថែមទៀតផង។

ជិតដាច់ឆ្នាំ ២០២៥ នេះ ប្រទេសថៃ កំពុងតែជាប់ដៃ ដោះស្រាយបញ្ហាប្រឈមជាច្រើន មិនថាជាបញ្ហាអសន្តិសុខនៅតាមបណ្ដោយព្រំដែន ថៃ មីយ៉ាន់ម៉ា ដែលកំពុងតែប្រុងប្រយ័ត្នយ៉ាងខ្លាំង ព្រោះតែភាពមិនស្ងប់សុខ និងការប្រយុទ្ធគ្នារវាងផ្ទៃក្នុងមីយ៉ាន់ម៉ា ដែលអាចរីករាលដាលចូលមកក្នុងប្រទេសថៃ ចំណែកគ្រោះមហន្តរាយធម្មជាតិ នៃទឹកជំនន់ ក៏កំពុងញ៉ាំញីប្រទេសនេះយ៉ាងខ្លាំងផងដែរ ដោយឡែកសម្រាប់ផ្ទៃក្នុងថៃឯណោះវិញ គេបានរកឃើញភាពមិនប្រក្រតី នៅក្នុងជួរអ្នកនយោបាយ អ្នកមានអំណាច មានជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅជាមួយនឹងក្រុមឧក្រិដ្ឋជន រហូតដល់មានការផ្ដល់នូវសិទ្ធិពិសេសសម្រាប់អ្នកទោសចិន ដែលជាប់ពន្ធនាគារ ដើម្បីប្ដូរជាមួយនឹងលាភសក្ការៈយ៉ាងច្រើនសន្ធឹកសន្ធាប់៕

Share.