ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ខិតខំយកចិត្តទុកដាក់ពីបញ្ហា ការកក់ស្ទះចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់រំដោះចិញ្ចើមផ្លូវនៅតាមបណ្ដាមហាវិថីតូចធំ និង ផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំងខណ្ឌ១៤ ជាក់ស្ដែងកំណាត់ផ្លូវចោមចៅត្រង់ចំណុចលូប្រាំអាជ្ញាធរខណ្ឌមានជ័យ ហាក់មិនទាន់អាចមានវិធានការរំដោះចិញ្ចើមផ្លូវមួយនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សព្វថ្ងៃនោះទេ ដោយសពថ្ងៃអាជីវកររំលោភយកចិញ្ចើមផ្លូវនិងផ្លូវ ដាក់គ្រែ ឆ័ត្រ រ៉ឺម៉កតាំងទំនិញលក់ដូរព្រោងព្រាត ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាពតាមដងផ្លូវ គ្មានផ្លូវសំរាប់អ្នកថ្មើរជើង និងជនពិការធ្វើដំណើរឡើយ។

តាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ខណ:ដែលផ្លូវបានសាងសង់ធំទូលាយបានល្អស្អាតមានសួនលម្អភ្លើងបំភ្លឺផ្លូវថែមទៀត ដោយសង្ឃឹមថានឹងធ្វើដំណើរបានស្រួលមិនមានការកកស្ទះចរាចរណ៍ តែផ្ទុយទៅវិញ បែរជាអាជីវកររំលោភយកចិញ្ចើមផ្លូវសំរាប់ថ្មើរជើង និងផ្លូវសាធារណ: ដាក់តាំងទំនិញលក់ដូរព្រោងព្រាតធ្វើឱ្យផ្លូវរួមតូច ពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ កកស្ទះជារៀងរាល់ថ្ងៃ បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ។


ពលរដ្ឋបន្តថា កន្លងមកធ្លាប់ឃើញកម្លាំងអាជ្ញាធរចុះមកធ្វើសណ្ដាប់ធ្នាប់ខ្លះដែរ តែហាក់ដូចជាការអូសទូកកាត់ចកចឹង បានតែប៉ុន្មានថ្ងៃដាក់លក់លើសដើម បើនិយាយឱ្យខ្លីទៅ គឺពួកគេមិនខ្លាចញញើតចំពោះចំណាត់ការរបស់អាជ្ញាធរឡើយ។ ជាមួយគ្នា ពលរដ្ឋ ពិសេសគឺអ្នកដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ បានរអ៊ូរទាំថា ពេលធ្វើដំណើរតាមផ្លូវវេងស្រេងឆ្លងកាត់ត្រង់ចំណុចលូប្រាំនេះ កកស្ទះរាប់ម៉ោងទម្រាំរួចផុតម្ដងៗ បើសិនជាមានអ្នកជំងឺសង្រ្គោះបន្ទាន់វិញមិនអាចទៅទាន់ពេលលវេលា ដោយសារការកកស្ទះចរាចរណ៍ ព្រោះតំបន់នេះអាជីករបានរំលោភយកផ្លូវនឹងចិញ្ចើមផ្លូវដាក់ទំនិញលក់ដូរធ្វើឱ្យផ្លូវរួមតូចចង្អៀតពិបាកធ្វើដំណើរ មិនតែប៉ុណ្ណោះសម្បូររថយន្តធុនធំបើកបរចេញចូលក្រុងគ្មានម៉ោងពេលកំណត់មិនថាព្រឹក ឬល្ងាចនោះទេ។


ប្រជាពលរដ្ឋរស់នៅតំបន់នេះ និងអ្នកធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចលូប្រាំជារៀងរាល់ថ្ងៃបានសំណូមពរ ដល់អាជ្ញាធរខណ្ឌមានជ័យ គួរចាត់វិធានការក្ដៅចំពោះអាជីវករណាបង្កឱ្យខូចសណ្ដាប់ធ្នាប់ ដោយការដាក់តាំងទំនិញលក់ រំលោភយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីរំដោះចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ ជួយបញ្ជៀសការកក់ស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលជាការបញ្ជាក់ឱ្យពលរដ្ឋបានឃើញ ពីការយកចិត្តទុកដាក់ចំពោះពួកគាត់ ក៏ដូចជានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
អត្ថបទ៖ សេង សាវី

