បាងកក៖ ស្ត្រីម្នាក់នៅក្នុងប្រទេសថៃបានធ្វើឱ្យបុគ្គលិកវត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងចាប់ផ្តើមកម្រើកនៅក្នុងមឈូសរបស់នាង បន្ទាប់ពីត្រូវបានគេដឹកមកដល់ទីតាំងឈាបនដ្ឋាន សម្រាប់ធ្វើពិធីបូជាសព។
វត្តរាជប្រាគង្គថាម (Wat Rat Prakhong Tham) ដែលជាវត្តពុទ្ធសាសនាមួយនៅខេត្ត នុនថៈបុរី (Nonthaburi) ជាយក្រុងបាងកក បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីស្ត្រីម្នាក់ដេកនៅក្នុងមឈូសពណ៌សនៅខាងក្រោយរថយន្តភីកអាប់ ដោយកម្រើកដៃ និងក្បាលបន្តិចបន្តួច ធ្វើឱ្យបុគ្គលិកវត្តមានការងឿងឆ្ងល់។

លោក ផៃរ៉ាត់ ស៊ូតថូប (Pairat Soodthoop) អ្នកគ្រប់គ្រងកិច្ចការទូទៅ និងហិរញ្ញវត្ថុរបស់វត្ត បានប្រាប់ Associated Press កាលពីថ្ងៃចន្ទ (ទី ២៤ វិច្ឆិកា) ថា បងប្រុសរបស់ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះ បានបើកបរដឹកនាងមកពីខេត្ត ភីតសានុលោក (Phitsanulok) ដើម្បីធ្វើការបូជា។ លោកបាននិយាយថា ពួកគេបានលឺសំឡេងគោះតិចៗចេញពីមឈូស។ លោកបានរៀបរាប់ទៀតថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ដូច្នេះខ្ញុំបានស្នើឱ្យពួកគេបើកមឈូស ហើយអ្នកគ្រប់គ្នាក៏មានការតក់ស្លុត។ ខ្ញុំបានឃើញនាងបើកភ្នែកបន្តិច ហើយគោះផ្នែកម្ខាងនៃមឈូស។ នាងប្រាកដជាបានគោះអស់រយៈពេលជាយូរមកហើយ»។

យោងតាមលោក ផៃរ៉ាត់ បងប្រុសរបស់នាងបាននិយាយថា ប្អូនស្រីរបស់គាត់បានដេកឈឺលើគ្រែអស់រយៈពេលប្រហែលពីរឆ្នាំ ហើយសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន និងមិនមានប្រតិកម្មតបតវិញ ដោយហាក់ដូចជា ឈប់ដកដង្ហើម កាលពីពីរថ្ងៃមុន។


បន្ទាប់មក លោកក៏បានដាក់នាងចូលទៅក្នុងមឈូស ហើយធ្វើដំណើរចម្ងាយ ៥០០ គីឡូម៉ែត្រ ទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ដែលជាកន្លែងដែលស្ត្រីរូបនេះធ្លាប់បានសម្តែងបំណងចង់ បរិច្ចាគសរីរាង្គ របស់នាងពីមុនមក។

លោក ផៃរ៉ាត់ បាននិយាយថា មន្ទីរពេទ្យបានបដិសេធមិនទទួលយកការផ្តល់ជូនរបស់បងប្រុសនោះទេ ដោយសារតែលោក មិនមានលិខិតបញ្ជាក់មរណភាពផ្លូវការ (official death certificate)។ វត្តរបស់លោកក៏ផ្តល់សេវាកម្មបូជាសពដោយមិនគិតថ្លៃដែរ ដែលជាមូលហេតុដែលបងប្រុសបានទាក់ទងមកវត្តកាលពីថ្ងៃអាទិត្យ ប៉ុន្តែក៏ត្រូវបានបដិសេធផងដែរដោយសារតែខ្វះឯកសារនេះ។
អ្នកគ្រប់គ្រងវត្តបាននិយាយថា ខណៈពេលដែលលោកកំពុងពន្យល់ពីរបៀបដើម្បីទទួលបានលិខិតបញ្ជាក់មរណភាព ស្រាប់តែពួកគេបានលឺសំឡេងគោះនោះ។ បន្ទាប់មក ពួកគេក៏បានពិនិត្យស្ថានភាពរបស់នាង និងបញ្ជូននាងទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ។
យោងតាមលោក ផៃរ៉ាត់ ព្រះចៅអធិការវត្តនឹងរ៉ាប់រងលើការចំណាយផ្នែកវេជ្ជសាស្រ្តរបស់នាង៕

