នៅ​ក្នុង​លិខិត​បំភ្លឺ​មួយ​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ បាន​បញ្ជាក់​ថា រូបភាព​សំណង់​ផ្លូវ​កាត់​សមុទ្រ ដែល​ឃើញ​ចែក​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​គឺ​ជា សំណង់​ផ្លូវ​ចេញ​ពី​ដី​គោក នៃ​សង្កាត់​ហាទៀង (ទី​រួម​ខេត្ត​ពាម) ខេត្ត​អានយ៉ាង ទៅកាន់ កំពុង​ផែ​ពហុ​បំណង​នៃ​ទីក្រុង​ហាទៀង ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម​។ ខេត្ត​អានយ៉ាង ពី​មុន​ឈ្មោះ​ខេត្ត​ចូវដុក ត្រូវ​បាន​វៀតណាម​បង្រួម​ខេត្ត​ខ្មែរ​៣​ចូល​គ្នា​តែ​មួយ​រួម​មាន មាត់​ជ្រូក, ក្រមួនស, និង​ពាម​។

រូបភាព​នៃ​សំណង់​នេះ ត្រូវ​បាន​ក្រុម​បំពុល​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ចែក​ផ្សាយ​យ៉ាង​ផុលផុស ដោយ​មាន​ភ្ជាប់​ជាមួយ​ខ្លឹមសារ បំភ្លៃ​ការពិត ឌឺដង និង​ញុះញង់​ធ្វើ​ឲ្យ​មាន​ការ​ភាន​ច្រឡំ​នៅ​ក្នុង​សង្គម Online ដែល​កំពុង​មាន​ឥទ្ធិពល​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​, គម្រោង​ផ្លូវ​ទឹក​នឹង​កំពង់​ផែ​របស់​វៀតណាម​នេះ គឺ​ស្ថិត​នៅ​កៀក​នឹង​ដែន​សមុទ្រ​របស់​កម្ពុជា ដោយ​មាន​ចម្ងាយ​មិន​ដល់ ១០​គម នោះ​ទេ ដែល​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​កង្វល់​មួយ​ចំនួន​។

លោកបណ្ឌិត ជ័យ តិច អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ បាន​លើកឡើង​នូវ​ក្ដី​បារម្ភ​បី ទី​មួយ​គឺ​ការ​ប្រកួតប្រជែង​ផ្នែក​ភស្តុភារ​កម្ម, ទីពីរ​គឺ​កម្ពុជា​អាច​បាត់បង់​ដែន​អធិបតេយ្យ​លើ​ផ្ទៃ​សមុទ្រ ខណៈ​មិន​ទាន់​មាន​ការ​បែងចែក និង​ខណ្ឌ​សីមា​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពី​នៅ​ឡើយ​។ ចំណែក​ទី​៣​នោះ គឺ​ផ្នែក​ណា​មួយ​នៃ​កំពង់ផែ​នេះ អាច​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ប្រជែង​ផ្នែក​ភស្តុភារ​កម្ម លោក​បណ្ឌិត​ជ័យ តិច​ថា គម្រោង​ផ្លូវ និង​កំពុង​ផែ​នេះ គឺ​នៅ​ចំ​ពី​មុខ​ច្រកចេញ​នៃ​គម្រោង​ផ្លូវ​ទឹក​របស់​កម្ពុជា គឺ​ព្រែក​ជីក​ហ្វូណន​តេជោ ដែល​វា​នឹង​រំខាន​ដល់​នាវាចរណ៍​។ ហើយ​កំពុង​ផែ​នេះ និង​ក្លាយ​ជា​កន្លែង​ប្រកួតប្រជែង​ដ៏​ធំ​របស់​កំពង់​ផែ​ពហុ​បំណង​កំពត និង​កំពង់ផែ​រាម​ព្រះសីហនុ​។

ចំណែក​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើង​ថា គម្រោង​កំពង់ផែ និង​ផ្លូវ​នេះ គឺ​ស្ថិត​ក្នុង​អធិបតេយ្យ​វៀតណាម កម្ពុជា​មិន​មាន​សិទ្ធិ​លូកដៃ​លើ​ការ​អភិវឌ្ឍ​របស់​រដ្ឋ​វៀតណាម​នោះ​ទេ​។ ដូច​គ្នា​ដែរ រៀតណាម ឬ​ប្រទេស​ដ៏​ទៃ​ទៀត​ក៏​គ្មាន​សិទ្ធិ​លូកដៃ​ជ្រៀតជ្រែក​លើ​គម្រោង​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ដែរ​។ លោក​បណ្ឌិត​ថា ប្រជាពលរដ្ឋ អ្នក​សិក្សា​ស្រាវជ្រាវ បញ្ញាវន្ត អ្នក​នយោបាយ​កម្ពុជា គួរ​តែ​បង្វែរ​ក្ដី​បារម្ភ​ទៅ​ជា​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ និង​ខិតខំ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ឲ្យ​រីកចម្រើន ចេញ​ផុត​ពី​សម្ពាធ​របស់​រដ្ឋ​ជិត​ខាង​។ ជា​ពិសេស ជំរុញ​វិស័យ​ភស្តុភារកម្ម ដែល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​បង្កើត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជម្រុះ​ទាំង​ផ្លូវ​ថ្នល់ ផ្លូវ​ដែក និង​ផ្លូវ​ទឹក​។

លោក​បណ្ឌិត គិន ភា និង លោក​បណ្ឌិត​ជ័យ តិច លើកឡើង​ស្រប​គ្នា​ថា ជា​ជាង​ការ​អង្គុយ​វិភាគ តាម​ការ​ចាក់រុក​លើ​បណ្ដាញ​សង្គម ហើយ​បារម្ភ​ហួសហេតុ, ពលរដ្ឋ និង​រាជរដ្ឋាភិបាល ត្រូវ​រិះរក​វិធីសាស្ត្រ​ពង្រឹង​ខ្លួនឯង​ទាំង​វិស័យ​សេដ្ឋកិច្ច សង្គម និង​វិស័យ​ការពារ​ជាតិ​។

សូម​ជម្រាប​ថា កាល​ពី​អំឡុង​ដើម​ខែ​មិថុនា​ឆ្នាំ ២០២៥ រដ្ឋ​វៀតណាម​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ប្រវែង ១.៨ គម. និង​ស្ពាន​ប្រវែង​ជាង ២៤០ កាត់​សមុទ្រ​ទៅ​កាន់​កំពង់ផែ​កោះ ឫស្សី ដែល​វៀតណាម​ហៅ​ថា​កោះ​ហាទៀង ដោយ​គ្រោង​ចំណាយ​ថវិកា​ចំនួន ៤៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៧​។ នេះ​ជា​ដំណក់​កាល​ទី១ នៃ​គម្រោង​កំពង់ផែ​ពហុ​បំណង​កោះ​ឫស្សី ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.