ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្រ្កាបករណីប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត និងផ្ញើសារ SMS (FAKE Base Transceiver Station) ដែលមានបំណងបោកបញ្ឆោតប្រជាពលរដ្ឋតាមបណ្តាញបច្ចេកវិទ្យា។


ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣ នាក់ត្រូវបានគេរកឃើញកំពុងបើកបររថយន្តដែលបំពាក់ដោយឧបករណ៍ FAKE BTS ដើម្បីផ្ញើសារ SMS ពូកែបោកបញ្ឆោត។ សារដែលជនសង្ស័យផ្ញើរទៅបោកបញ្ឆោតទាំងនោះ មានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ បង្កើតគេហទំព័រក្លែងក្លាយបន្លំជាតេឡេក្រាម ដោយប្រើចរិតបំភិតបំភ័យឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន ដើម្បីបោកបញ្ឆោតក្នុងគោលបំណងចូលដំណើរការគណនីរបស់ជនរងគ្រោះ និងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាបន្ថែម។


ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣ បានទទួលសារភាពថា ពួកគេបានធ្វើសកម្មភាពនេះតាំងពីខែមីនា ឆ្នាំ ២០២៥ មកម្លេះ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្មា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែង មិនត្រូវចុចលើតំណភ្ជាប់ ឬគេហទំព័រមិនមានប្រភពច្បាស់លាស់ណាឡើយដើម្បីជៀសវាងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន និងការបោកបញ្ឆោតតាមបណ្តាញ៕

អត្ថបទ÷ចតុម្មុខ

Share.