កោះកុង ៖ អូប័រមួយគ្រឿង ខណៈដឹកភ្ញៀវដំណើរកម្សាន្តវិលត្រឡប់មកពីកោះកុងក្រៅវិញ ជួបឧប្បត្តិហេតុ ខ្យល់បក់បោក បណ្តាលឱ្យលិច កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងលំហរសមុទ្រ ចំណុចខាងមុខចំការដូងទី១ ខេត្តកោះកុង ក្រុមទូកនេសាទ ចេញទៅជួយសង្គ្រោះបាន១៣នាក់ បាត់ខ្លួន២នាក់ ។

ហេតុការណ៍ខាងលើកើតឡើងអស់រយៈពេល៤ម៉ោង ទើបរាយការណ៍ទៅកម្លាំងការពារកោះកុងក្រៅលេខ២ ឱ្យជួយអន្តរាគមន៍ ហើយស្វែងរកឃើញសាកសពម្នាក់នៅវេលាល្ងាច ដែលក្រុមគ្រួសារ អះអាងថាឈ្មោះ កែវ ចន្ថា អាយុ៥៣ឆ្នាំ ភេទប្រុស ជាគ្រូនៅសាកលវិទ្យាល័យបាត់ដំបង ចំណែកសាកសពបុរសម្នាក់ទៀត កំពុងបន្តស្វែងរក ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ ដំណើរកម្សាន្ត ជាល្ខណៈគ្រួសារ សរុបគ្នា១៥នាក់ ស្រី៣នាក់ ប្រុស១២នាក់ ក្នុងនោះបានក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ជិះអប័រទៅទេសចរណ៍ កម្សាន្តលេងនៅឆ្នេរកោះកុងក្រៅ លុះនៅវេលាម៉ោងខាងលើ ក៏វិលត្រឡប់មកវិញ ជួបនូវហេតុការណ៍ ខ្យល់បក់បោក បណ្តាលឱ្យលិចអូប័រ ចំណុចខាងមុខចំការដូងទី១ ភ្លាមៗត្រូវបានក្រុមទូកអ្នកនេសាទចេញទៅជួយសង្គ្រោះបាន១៣នាក់ បាត់ខ្លួន២នាក់ ស្វែងរកមិនឃើញ អស់រយៈពេល៤ម៉ោង ទើបរាការណ៍ទៅ កម្លាំងការពារកោះកុងក្រៅលេខ២ ជួយស្វែងរកឃើញសាកសពម្នាក់ នៅល្ងាចថ្ងៃដដែល និងបន្តស្វែងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សាកសពជនរងគ្រោះ ត្រូវបានដឹកបញ្ជូនយកទៅតំកល់នៅបញ្ជាការដ្ឋានអាវវ៉ៅ ដើម្បីឱ្យសមត្ថកិច្ចពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តជោតញ្ញាណទីរួមខេត្តកោះកុង ៕

អត្ថបទ៖ តាតុងសែនជ័យ

