ក្រុមដើរតួជាអង្គរក្សរបស់ឧកញ៉ា ធាង ទ្រី ដែលធ្វើឱ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលល្បីក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយ ត្រូវបានកម្លាំងសមត្ថកិច្ចកោះហៅទៅសាកសួរ នៅព្រឹកថ្ងៃ២៦វិច្ឆិកានេះ ជុំវិញសកម្មភាពកាក់រថយន្ត និងសន្លុតពលរដ្ឋតាមដងផ្លូវ ព្រោះពលរដ្ឋនោះបានជិះកាត់ទៅមុខរថយន្តលោកឧកញ៉ាជាថៅកែរបស់ខ្លួន។

ការនាំខ្លួនបុគ្គលទាំង២នាក់ទៅសួរនាំ បន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់ពួកគេ ដែលជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលគេស្គាល់ម្ចាស់ឈ្មោះ ធាង ទ្រី និងមានងារជាឧកញ៉ាថែមទៀត។ ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឱ្យបើកក្បែរឡានមេកើយរបស់ខ្លួន។

យ៉ាងណាមិញ នៅមុននេះបន្តិចលើផេកហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះសារថា ក្រុមដើរតួជាអង្គរក្ស ដែលធ្វើឱ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលល្បីក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយ ។ លោកបានសង្កត់ធ្ងន់ថា បើនៅមានបែបនេះទៀតសូមបញ្ឈប់ជាបន្ទាន់ លោកមិនអនុញ្ញាតឱ្យមានបែបនេះក្នុងសង្គមដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ៕

