
ខណៈដែលស្ថានភាពទឹកជំនន់នៅក្នុងខេត្តភាគខាងត្បូង ពិសេសតំបន់ ហាតយ៉ៃ នៃខេត្តសុងក្លា ដែលកំពុងតែរងគ្រោះខ្លាំង និងមានសំឡេងអំពាវនាវឱ្យឆាប់មានចំណាត់ការបន្ទាន់ ព្រោះមានប្រជាពលរដ្ឋច្រើនដែលនៅជាប់គាំងលើផ្ទះ ខ្វះអាហារ និងទឹកស្អាតនោះ ស្រាប់តែអគ្គបញ្ជាការកងទ័ពជើងគោកថៃបែរជាប្រកាសលើកពីស្ថានភាពព្រំដែនជាមួយនឹងកម្ពុជា ដោយកាសែត Khaosod បានស្រង់សម្ដីរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ គឺឧត្តមសេនីយ៍ត្រី វិនថៃ សុវ៉ារី ចេញមក Update ពាក់ព័ន្ធនឹងការត្រៀមកម្លាំងកងទ័ពភូមិភាគ១និងភូមិភាគទី២ ដែលនៅជាប់នឹងព្រំប្រទល់កម្ពុជា ប្រសិនបើមានកើតហេតុការណ៍ណាមួយ ដើម្បីជាការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយដែលកំពុងតែមានការផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

អ្នកនាំពាក្យកងទ័ពជើងគោករូបនេះលើកឡើងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីមានសេចក្ដីថ្លែងការផ្លូវការចេញពីឧត្តមសេនីយ៍ឯក ផាណា ខ្លែវប្លតធូក អគ្គមេបញ្ជាការកងទ័ពជើងគោកថៃធ្វើជាប្រធានកិច្ចប្រជុំអង្គភាពចំណុះកងទ័ពជើងគោក លើកទី ២ ស្ដីពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនៅតែបន្តមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលអគ្គបញ្ជាការរូបនេះ និយាយថាមានកើតហេតុការណ៍ដូចជាមិនត្រឹមត្រូវទាល់តែសោះ ព្រោះបើតាមការផ្សព្វផ្សាយ គណៈកម្មការព្រំដែនចម្រុះ ទាំងសងខាងបានសម្រេចយោគយល់ និងយល់ស្របគ្នាលើការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ជាបន្តបន្ទាប់។
យ៉ាងណាមិញ បើតាមសម្ដីរបស់ ឧត្តមសេនីយ៍ត្រី វិនថៃ សុវ៉ារី បែរជាបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការតាមដានស្ថានការណ៍យ៉ាងជាប់លាប់ ទាំងក្នុងផ្នែកព័ត៌មានក៏ដូចជានៅក្នុងផ្នែកទំនាក់ទំនងការទូត ដើម្បីឱ្យមានការយល់ដឹងអំពីបរិបទទាំងអស់នោះយ៉ាងទូលំទូលាយ ជាទុនឆ្លើយបានយ៉ាងត្រឹមត្រូវ និងឆាប់រហ័សពេញសមត្ថភាព ជាពិសេសក្នុងករណីដែលរកឃើញមានការបង្កាច់បង្ខូចតាមរយៈព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដែលធ្លាប់កើតឡើងទាំងនៅខាងក្នុងប្រទេស និងក្រៅប្រទេស។

ត្បិតថា ប្រទេសថៃនៅភាគខាងត្បូង កំពុងតែរងទុក្ខញាំញី ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែកងទ័ពថៃ បែរជានៅតែមិនព្រមបញ្ឈប់មហិច្ឆិតាចង់បានទឹកដីខ្មែរ និងនៅតែចិញ្ចឹមចិត្តបង្កបញ្ហាជាមួយកម្ពុជាដដែល។ អ្នកនាំពាក្យកងទ័ពថៃ នៅតែក្រអើតក្រទមមិនគួរឱ្យអាសូរ ប្រទេសកំពុងជួបវិបត្តិគ្រោះមហន្តរាយទឹកជំនន់ដោះមិនរួចផង នៅបោះសម្ដីដាក់កម្ពុជាទៀត៕

