កំពង់ធំ÷ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមប្រចាំខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី ដែលទើបសាងសង់រួចនៅលើដីកម្មសិទ្ធិ របស់គ្រួសារអតីតយុទ្ធជនពលី នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ហេង សុភី ធ្លាប់បានចូលបម្រើការក្នុងជួរនគរបាលទីរួមខេត្តកំពង់ធំនៅឆ្នាំ ១៩៩០ ហើយត្រូវបានទទួលមរណភាពដោយរោគាពាធនៅឆ្នាំ២០២២ ។ បច្ចុប្បន្នលោកស្រី មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតូចចង្អៀត និងទ្រុឌទ្រោម ។

លោកស្រី អ៊ុល សុខនី ដែលជាប្រពន្ធបានថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នង ជូនដល់ក្រុមគ្រួសាររបស់គាត់ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យ។នា
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយនិងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។


ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៩ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោកស្រី អ៊ុល សុខនី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឈិតសំបូរ26-11-25។

Share.