បាត់ដំបង÷ សមត្ថកិច្ចឆ្មក់ឃាត់ខ្លួនមុខសញ្ញានៃពលករខ្មែរលួចឆ្លងដែនម្នាក់ ជាមួយពលករខ្មែរ ៧នាក់ផ្សេងទៀតនៅតំបន់ព្រំដែនស្រុកសំពៅលូន។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥កន្លងមកនេះត្រង់ចំណុចបណ្តោយតំបន់ព្រំដែន ក្នុងក្រុមទី ១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ដឹកនាំដោយលោកវរសេនីយ៍ទោទឹម វិឆ័យ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឆ្មក់បង្ក្រាបករណីទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើសបម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃមួយករណី ក្នុងនោះឃាត់ខ្លួនបានយជនសង្ស័យ ១នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួន។




ជនសង្ស័យមានឈ្មោះ អុឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំមានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង រីឯម្នាក់ទៀតបានរត់គេចខ្លួនឈ្មោះសៀក ភេទប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងទឹកដីថៃ។


ជាមួយការបង្ក្រាបទប់ស្កាត់នេះកម្លាំងជំនាញក៏បានឃាត់ខ្លួនពលករខ្មែរចំនួន ៧នាក់ផងដែរ ក្នុងនោះស្ត្រីចំនួន ៣នាក់ រួមទាំងវត្ថុតាងរថយន្តមួយគ្រឿងជាមធ្យោបាយបម្រើការដឹកជញ្ជូន។ចំពោះមុខទាំងជនសង្ស័យ ទាំងវត្ថុតាងបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីសាកសួរ និងអនុវត្តន៍តាមនីតិវិធី៕
អត្ថបទ: ដំបងក្រញូង
