រដ្ឋាភិបាលថៃបច្ចុប្បន្នដែលដឹកនាំដោយលោក អុនទីន ឆានវីរៈគុល ក្នុងអំណាចជានាយករដ្ឋមន្ត្រី កំពុងប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្តីបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់សំឡេងឆ្នោតដែលត្រូវជ្រើសរើសអាណត្តថ្មី បន្ទាប់ពីរដ្ឋាភិបាលនេះមិនអាចដោះស្រាយវិបត្តិគ្រោះមហន្តរាយទឹកជំនន់ដ៏សាហាវឃោឃៅនៅស្រុក ហាដយ៉ៃ ខេត្តស៊ុងក្លា ជាពិសេសមានភាពយឺតយ៉ាវមិនទាន់ពេលវេលា ដោយបណ្ដាលឱ្យចំនួនប្រជាពលរដ្ឋដេកស្លាប់ អត់អាហារថ្នាំសង្កូវ និងលង់ទឹកស្លាប់កើនឡើងជាបន្តបន្ទាប់។

តាមការចេញផ្សាយនៅលើសារព័ត៌មាន Bangkokbiznews នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះឱ្យដឹងថា អ្នករិះគន់យល់ឃើញថា ការឆ្លើយតបរបស់រដ្ឋាភិបាល អុនទីន ហាក់ដូចជាក្មេងបៀមដៃ ហើយប្រងើយកន្តើយចំពោះសំឡេងស្រែងរកជំនួយដោយដាក់បន្ទុកថា ការងារសង្គ្រោះបន្ទាន់ទាំងនោះមិនអាចដោះស្រាយបញ្ហាភ្លាមៗ ពោលគឺតម្រូវឱ្យមានផែនការច្បាស់លាស់ជាប្រព័ន្ធ ឬមានការត្រៀមលក្ខណៈទុកជាមុន។ ភាពយឺតយ៉ាវក្នុងការប្រកាសអាសន្នពីគ្រោះទឹកជំនន់នៅខេត្តភាគខាងត្បូងក៏មាន ការជម្លៀសប្រជាជន និងការបញ្ជូនជំនួយ ក៏នៅមានកម្រិត ព្រោះអាចដោយសារថា រដ្ឋាភិបាលមួយនេះចាត់ទុកសំឡេងឆ្នោតនៅភាគខាងត្បូងមានចំនួនតិច ហើយមួយវិញទៀតកិច្ចព្រមព្រៀងពិសេសដែលស្ថិតក្នុងដំណាក់កាលរៀបចំសម្រាប់ការរំលាយសភា និងការបោះឆ្នោតឡើងវិញនៅដើមឆ្នាំ ២០២៦ នៅមានភាពមិនប្រាកដប្រជានៅឡើយ ដោយ អុនទីន កំពុងព្យាយាមទាមទារអំណាចខ្ពស់សម្រាប់រដ្ឋាភិបាលរបស់ខ្លួន។
កន្លងមក ប្រជាជនថៃចង់ឱ្យរដ្ឋាភិបាលចៃដន្យមួយនេះឆាប់រំលាយសភាឱ្យបានលឿនបំផុត ពោលគឺមុនថ្ងៃកំណត់មកដល់។ សម្ដីរបស់ អនុទីន ត្រូវបានកាសែត Khaosod ស្រង់យកមកផ្សាយសម្តីដើមថា ប្រសិនបើអស់លោក ឬប្រជាជនចង់ឱ្យលោករំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃដែលសភាបើកសម័យប្រជុំឡើងវិញ នោះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីរំលាយសភា។ ដោយលោកបានសង្កត់ធ្ងន់ថា ប្រសិនបើការរំលាយសភាពិតជាកើតឡើងនៅថ្ងៃទី១២ ខែធ្នូ មែន ច្បាស់ណាស់បញ្ហាជាច្រើននឹងនៅតែមិនទាន់ដោះស្រាយចប់នោះទេ ហើយក៏មិនត្រូវបន្ទោសលោកឡើយចំពោះបញ្ហាណាមួយនោះ។

ចង់មិនចង់ នាយករដ្ឋមន្ត្រីដែលជោគជ័យក្នុងការធ្វើឱ្យកញ្ឆា ដែលបរទេសគិតថាជាគ្រឿងញៀន អាចប្រើបាន ស្របច្បាប់នៅក្នុងប្រទេសថៃរូបនេះ នឹងត្រូវតែខាំមាត់សង្កត់ចិត្តចុះចេញពីកៅអីតាមកំណត់ ៤ ខែដែលបានព្រមព្រៀងជាមួយបក្សប្រឆាំង។ ប៉ុន្តែភាពបរាជ័យក្នុងការគ្រប់គ្រងវិបត្តិគ្រោះមហន្តរាយដ៏ធំបំផុតដែលប្រទេសថៃមិនធ្លាប់ជួបប្រទះក្នុងរយៈពេល៣០០ឆ្នាំនោះ ត្រូវបានអ្នករិះគន់មើលឃើញថា វាបង្កឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលយ៉ាងខ្លាំង ហើយបូកផ្សំផងដែរជាមួយនឹងបញ្ហាព្រំដែនដែលដោះស្រាយមិនរួច ឬមិនទៅមុខរួច។ ក្នុងរយៈពេល ៤ ខែ គឺមិនឱ្យលើសពីថ្ងៃទី ៣១ មករា ឆ្នាំ២០២៦ ជាថ្នូរនឹងការកែរដ្ឋធម្មនុញ្ញ ដោយគណបក្សប្រជាជនដែលបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រឱ្យគ្រប់ ១២០ ថ្ងៃ។
សូមជម្រាបថា ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃគឺកាន់តែអាក្រក់ទៅៗដែរ នៅក្រុង ហាតយ៉ៃ ខេត្ត ស៊ុងក្លា ដោយទឹកជំនន់រីករាលដាលកាន់តែធ្ងន់ធ្ងរឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ ប្រសិនបើស្ថានភាពនេះនៅតែបន្តរយៈពេលមួយខែទៀត ជំនាញថៃថា ប្រទេសអាចនឹងខាតបង់សរុបអាចឈានដល់ ១០-១៥ពាន់លានបាតដោយសារប៉ះពាល់ចំពោះ វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ កត្តានេះនឹងជំរុញឱ្យ រដ្ឋាភិបាល អុនទីន ដែលមានសំឡេងឆ្នោតតិច និងអាស្រ័យលើការគាំទ្រពីគណបក្សប្រជាជនក៏កាន់តែកំណត់លក្ខខណ្ឌច្បាស់លាស់ក្នុងការរំលាយសភាឱ្យបានឆាប់រហ័សផងដែរ៕

