បាត់ដំបង÷ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងផ្តល់ជំនឿទុកចិត្តថែមទៀតដល់ពលរដ្ឋ តុលាការខេត្តបាត់ដំបង បាន ប្រកាសផ្ទេរភារកិច្ច ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ថ្មី។

ក្នុងពិធីប្រកាសដែលធ្វើថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥កន្លងមកនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា÷ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។




ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់អនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង ៤ និងសុគតិធម៌ទាំង ៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង ៥ រួមមាន: ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ ទទួលបានជោគជ័យ។

លើសពីនេះក៏ត្រូវពង្រឹង និងយកចិត្តទុកដាក់លើអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងផ្នែកបច្ចេកទេសផងដែរសំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌នៅកម្ពុជា។






សូមបញ្ជាក់ថា÷ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ បានផ្ទេរភារកិច្ចពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាម មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជំនួសដោយឯកឧត្តម កែវ សុជាតិ បានផ្ទេរភារកិច្ចពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងទៅជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដោយភាពចាំបាច់វិញ៕
អត្ថបទ÷ ដំបងក្រញូង
