ចំនួនអ្នកស្លា.ប់ រងរបួស និងបាត់ខ្លួនដោយសារទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលជាសមាជិកអាស៊ានចំនួន ៣ប្រទេស បានកើនឡើងខ្ពស់ជាង ៩០០នាក់ ខណៈមនុស្សរាប់លាននាក់បានរងផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។

ព្យុះស៊ីក្លូន បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់បានវាយប្រហារប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ កាលពីសប្ដាហ៍មុន ក្រោយព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកតូចចង្អៀតមួយបំបែកកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីពីប្រទេស២ផ្សេងទៀត។ ក្រៅពីប្រទេសទាំង៣ ខាងលើ ប្រទេសស្រីលង្កាក៏ត្រូវបានវាយប្រហារដោយព្យុះ និងបង្កជាទឹកជំនន់ផ្ដាច់យកជីវិតមនុស្សរាប់រយនាក់ដែរ។

គិតត្រឹមថ្ងៃទី១ ខែធ្នូ នេះ ក្នុងចំណោមអ្នកស្លាប់សរុប មានមនុស្សយ៉ាងហោចណាស់ ៤៣៥នាក់នៅឥណ្ឌូណេស៊ី, ១៧០នាក់នៅថៃ, ៣នាក់នៅម៉ាឡេស៊ី និង ៣៣៤នាក់នៅស្រីលង្កា។ លើសពីនេះ នៅមានអ្នកបាត់ខ្លួនរាប់រយនាក់ទៀតត្រូវបានកត់ត្រានៅតាមប្រទេសរងផលប៉ះពាល់ខាងលើនេះ។

ទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកចុះវិញក៏ដោយ ក៏មន្ត្រីសង្គ្រោះនៅតែព្យាយាមចូលទៅកាន់តំបន់រងគ្រោះជាច្រើនទៀត ដើម្បីស្វែងរកមនុស្ស និងសាកសពដែលជាប់គាំង។ យោងតាមស្ថិតិផ្លូវការ មនុស្សជាង ៤លាននាក់បានរងផលប៉ះពាល់ ដោយក្នុងនោះជិត ៣លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១.១លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។

យ៉ាងណាម៉ិញ អ្នកជំនាញឧតុនិយមបានពន្យល់ថា ភ្លៀងធ្លាក់ខ្លាំងពេញតំបន់អាស៊ីអាគ្នេយ៍នេះ អាចបណ្តាលមកពីការរួមបញ្ចូលគ្នារវាងព្យុះកុតូ (Koto) នៅសមុទ្រចិនខាងត្បូង និងព្យុះសេនយ៉ា (Senyar) ដែលកម្រកើតមាននៅច្រកម៉ាឡាកា៕

ប្រភព៖ CNN

Share.