អគាររាងគ្រាប់មីន PMN-2 នេះ​ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​ប្រកបដោយជោគជ័យ។

នៅថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ នាសារមន្ទីតេជោសន្តិភាព​ ស្ថិតនៅឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងក្រុមការងារ ព្រមទាំងក្រុមវិស្វករជប៉ុននៃក្រុមហ៊ុន សាតូ កូគ្យោ (SATO KOGYO) បានរៀបចំពិធីបញ្ចប់ការងារចាក់ប៊េតុងទាំងស្រុងសម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2។ អគារនេះមានទំហំផ្ទៃបាត ១០៨ ម៉ែត្រ គុណនឹង ១០៨ ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ​ ជាអគាររាងគ្រាប់មីនPMN-2 ធំជាងគេលើពិភពលោក។ សូមបញ្ជាក់ថា​ គម្រោងសាងសង់អគាររាងគ្រាប់មីន PMN-2 នេះបានផ្តួចផ្តើមអនុវត្តតាំងពីថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២២​ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ខាងមុខនេះ។

តាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា សមិទ្ធិផលនេះបានបង្ហាញឱ្យឃើញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ាប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបាន ផ្តល់សច្ចាប័ន លើអនុសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់ ការស្តុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស និងការបំផ្លាញចោល (The Ottawa Convention ឬ Mine Ban Treaty) នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ១៩៩៩។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់កម្ពុជានៅថ្ងៃទី ១ ខែ មករា ឆ្នាំ២០០០។

តាមរយៈការចូលជារដ្ឋភាគីនៃអនុសញ្ញាប្រឆាំងគ្រាប់មីន កម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តជាសកលក្នុងការបោសសម្អាតមីន និងបញ្ចប់ការដាក់មីនប្រឆាំងមនុស្ស។ ជាមួយគ្នានេះ កម្ពុជាបានសម្អាតឃ្លាំងផ្ទុកគ្រាប់មីនប្រឆាំងមនុស្ស ស្របតាមស្មារតីនៃអនុសញ្ញាមីន ដែលតម្រូវរដ្ឋភាគីសម្អាតឲ្យអស់ពីឃ្លាំងក្នុងរយៈពេល ៤ ឆ្នាំ។

ការចូលជាភាគីនៃអនុសញ្ញា កម្ពុជាបានទទួលការគាំទ្រ និងជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងសម្ភារៈពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ សម្រាប់៖ សកម្មភាពបោសសម្អាតមីន, សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់, ការជួយសង្គ្រោះ និង ស្តារនីតិសម្បទា ជនរងគ្រោះដោយសារមីន៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.