ព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd. បានរៀប​ចំពិធីបិទជាផ្លូវ​ក្រោម​វត្តមាន​អញ្ជើញ​ជាអធិបតីដោយ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី៣១ វិច្ឆិកា ២០២៥។

ថ្លែង​ក្នុងពិធីបិទលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុនដែល​បាន​រៀប​ចំព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” បន្តពង្រឹងនិងពង្រីក អភិវឌ្ឍន៍កែច្នៃ នូវលិតផលសេវាកម្មរបស់ខ្លួនដែល មានស្រាប់ឱ្យកាន់តែមានភាពប្លែក ចម្រុះ និងកាន់តែសម្បូរបែបបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ សុខសុវត្ថិភាព ពិសេសនោះ អាចបំពេញតម្រូវការ ជូនភ្ញៀវទេសចរបានគ្រប់លំដាប់ថ្នាក់ ហើយលោកជំទាវ ភិបាលខេត្ត ក៏សង្ឃឹមយ៉ាងមុតមាំដែរថា បន្ទាប់ពីការរៀបចំព្រឹត្តិការណ៍ “តារាសាគរ សាទរទេសចរណ៍សមុទ្រ” នេះ ហើយស្របពេលដែលការស្ថាបនាលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ រួចរាល់ជាស្ថាពរផងនោះ ខេត្តកោះកុងយើង ជាពិសេសតំបន់វិស្សមកាលតារាសាគរនេះផ្ទាល់ នឹងស្រូប ទាញភ្ញៀវទេសចរ បានកាន់តែច្រើនឡើងបន្ថែមទៀត។


ថ្លែង​ក្នុងពិធីបិទលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ជាមួយនឹងសេចក្តីរីករាយនៃព្រឹត្តិការណ៍ដ៏អធិកអធមនេះ នាងខ្ញុំសូមរំលឹកជូនថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងស្ថេរភាពនៅទូទាំងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីសុខសាន្តក្នុងជីវភាពធូរធារ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ ភិបាលខេត្ត បាន​ប្តថា៖ ក្រោមម្លប់ នៃសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព, ការពារបូរណភាពទឹកដី និងជំរុញកិច្ចអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចំរើនលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន, ការងារ, សមធ៌ម, ប្រសិទ្ធភាព, និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។

លោកជំទាវ បន្ថែម​ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានខិតខំលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយក្រសួងទេសចរណ៍ បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាព ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន សំដៅឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ” សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកល ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

កួរបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តមួយ សម្បូរទៅដោយតំបន់ទេសចរណ៍ដែលមានសក្តានុពល រួមមាន៖ តំបន់សមុទ្រ កោះ ឆ្នេរ ព្រៃភ្នំ ទឹកជ្រោះ និងរីសត រមណីយដ្ឋាននានាជាច្រើន និងមានក្រុមហ៊ុនតូចធំជាច្រើន បាននិងកំពុងបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍ ជាពិសេស គឺក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ដែលជាក្រុមហ៊ុនធំមួយ បានបណ្តាក់ទុនវិនិយោគ លើការផ្តល់ផលិតផលសេវាកម្មទេសចរណ៍ចម្រុះសម្បូរបែប ក្នុងតំបន់វិស្សមកាលតារាសាគរ ដែលរួមមាន៖ រីសត សណ្ឋាគារ រមណីយដ្ឋានភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្តគ្រប់ប្រភេទសម្រាប់គ្រប់វ័យ ឧស្សាហកម្ម ទេសចរណ៍ តំបន់វិស្សមកាលចម្រុះគ្រប់បែប ប្រកបដោយផាសុកភាព និងសុខមាលភាព យ៉ាងទូលំទូលាយ និងតំបន់ទេសចរណ៍ឆ្នេរខ្សាច់សស្អាត ដែលមានខ្យល់សមុទ្របរិសុទ្ធ ស្រស់ស្រាយ ក្នុងការ កម្សាន្ត និងសម្រាកលំហែកាយ។

គួររំលឹកផងដែរថា ក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ដោយមានកិច្ចសហការជាមួយ ក្រសួងទេចរណ៍ បានរៀបចំ “ពិធីបុណ្យឆ្នេរ (Beach Festival)” បានចំនួន ២លើករួចមកហើយ ហើយក្នុងរយៈពេលបីថ្ងៃមកនេះ យើងទាំងអស់គ្នាបានមកចូលរួមក្នុងព្រឹត្តិការណ៍ “តារាសាគរ សាទរ ទេសចរណ៍សមុទ្រ” ដែលក្រុមហ៊ុន ខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប (Coastal City Development Group) បានសហការជាមួយក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍នេះ នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាឱកាសនេះ។

ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍នានា នៅតាមតំបន់ឆ្នេរ គឺ មានគោល បំណងដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកបដោយចិរភាពនិងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការ ផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់ភ្ញៀវជាតិ-អន្តរជាតិ បន្តអញ្ជើញមកលេងកម្សាន្ត និងទទួលនូវផលិតផលសេវាកម្ម មានលក្ខណៈចម្រុះសម្បូរបែប ដែលមាននៅតំបន់វិស្សមកាលតារាសាគរនេះ និងសូមជួយផ្សព្វផ្សាយបន្តដល់សាធារណជនទូទៅឱ្យបានជ្រាបទូលំទូលាយ។

លោកជំទាវ ភិបាលខេត្ត ក័​បាន​ជម្រាបជូនថា វិថី សាយ ភូថង ដែលកំពុងរងការខូចខាតជាច្រើនកន្លែងនេះ រដ្ឋបាលខេត្តបានស្នើសុំឱ្យមានការចូលរួមពីសប្បុរសជន និងអ្នកវិនិយោគនានា ហើយសង្ឃឹមថាអាចនឹងដំណើរការ ជួសជុលឱ្យបានល្អប្រសើរ នាពេលដ៏ខ្លីខាងមុខនេះ។ ជាទីបញ្ចប់ នាងខ្ញុំសូមសម្តែងនូវសេចក្តីសប្បាយរីករាយ និងអំណរសាទរចំពោះការរៀបចំនូវ ព្រឹត្តិការណ៍នេះឡើង និងសូមថ្លែងអំណរគុណឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងភ្ញៀវ ជាតិ-អន្តរជាតិទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកា ក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងសូមគោរពជូនពរ សូមទទួលបានភាពរីករាយ សេចក្តីសុខក្នុងការកម្សាន្ត សម្រាកលំហែរកាយ ព្រមទាំងធ្វើដំណើរត្រឡប់ទៅវិញ ប្រកបដោយសុខសុវត្ថិភាព និងសូមបន្តរីករាយជាមួយកម្មវិធីបន្តបន្ទាប់ផ្សេងៗទៀត ដោយក្តីរីករាយ៕

Share.