ត្បូងឃ្មុំ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានអនុវត្តការកសាងផ្លូវនៅស្រុកអូររាំងឪ ដោយមានគុណភាព និងត្រឹមត្រូវតាមបច្ចេកទេស ១០០% បន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យការងារយ៉ាងហ្មត់ចត់។


លោកជំទាវ បន្តថា ផ្លូវដែលត្រូវបានវាយតម្លៃនេះ ជាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៤.០០០ ម៉ែត្រ ភ្ជាប់ពីភូមិទួលសូភី ឃុំទួលសូភី ទៅភូមិចង្វា ឃុំគងជ័យ ក្នុងស្រុកអូររាំងឪ។ ការត្រួតពិនិត្យបង្ហាញថា ផ្លូវមានភាពរឹងមាំ សោភ័ណភាព និងបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់អង្គភាពសាងសង់ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិការ។





គម្រោងនេះ បានប្រើប្រាស់ថវិកាជំពូក ២១ ហើយរួមមានការសាងសង់រចនាសម្ព័ន្ធពាក់ព័ន្ធដូចជា៖
ការកែលម្អចិញ្ចើមផ្លូវដោយដីល្បាយក្រួស សំណង់លូមូលមុខពីរ ៤កន្លែង លូមូលមុខមួយ ៣កន្លែង
អណ្ដូងលូមានគម្រប ៦កន្លែង និងស្លាកឈ្មោះផ្លូវ ១កន្លែង តាមការវាយតម្លៃ ផ្លូវនេះនឹងជួយបន្ថែមគុណភាពជីវភាពប្រជាពលរដ្ឋ ដោយធ្វើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនផលចំណេញកសិកម្មកាន់តែងាយស្រួលជាងមុន៕
អត្ថបទ៖ អាចារ្យលាក់

