ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានស្ថានភាពសុខទុក្ខរបស់យោធិនខ្មែរចំនួន ១៨ រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ និងជំរុញឱ្យភាគីថៃ ដោះលែងជាបន្ទាន់។ ការលើកឡើងរបស់ឯកឧត្តម លី ធុជនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែធ្នូ ២០២៥ ក្នុងកិច្ចជំនួបជាមួយលោក Gilles Carbonnier អនុប្រធាន ICRC នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះ ICRC ដែលបានសហការជិតស្និទ្ធក្នុងការតាមដាន និងគាំទ្រការទាមទាររបស់កម្ពុជា សម្រាប់ឱ្យថៃដោះលែងយោធិនខ្មែរទាំងអស់ ដែលត្រូវបានចាប់ខ្លួន និងគេចាត់ទុកថា ជាការឃុំខ្លួនដោយខុសច្បាប់។

ជាការឆ្លើយតប លោក Gilles Carbonnier បានបញ្ជាក់ថា អង្គការកាកបាទក្រហមអន្តរជាតិ (ICRC) នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ នឹងតាមដានស្ថានភាពយោធិនកម្ពុជា ១៨ រូប ដោយប្រកាន់ខ្ជាប់តួនាទីមនុស្សធម៌របស់ខ្លួន។

គួរបញ្ជាក់ដែរថា ថ្ងៃទី ២ ខែធ្នូ ២០២៥ គឺមានរយៈពេល១២៦ថ្ងៃហើយ ដែលយោធិនកម្ពុជាទាំង ១៨ រូប ត្រូវបានយោធាថៃបាប់ខ្លួនយកទៅដោយខុសច្បាប់។ ភាគីកម្ពុជាបន្តអំពាវនាវឱ្យថៃគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានបញ្ជាក់ច្បាស់ថា “ត្រូវដោះលែងយោធិន ១៨ នាក់ជាបន្ទាន់ ដោយមិនបង្អែបង្អង់”។ រដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ កំពុងបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃ ដោះលែងយោធិនខ្មែរទាំងនេះឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាព។

Share.