ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា គិតចាប់តាំងពីការចាប់ផ្តើមរហូតដល់ឆ្នាំ២០២៥ នេះ ក្រសួងបានចេញ បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនសរុប ៨,៨៩២,០០៧ បណ្ណ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនវត្ថុ ព្រមទាំងលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃអចលនទ្រព្យ។ នេះបើយោងតាមរបាយការបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់ក្រសួងដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៥។

បើតាមក្រសួងដែនដី ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីត្រូវបានបែងចែកជាពីរជំហាន៖

  • ជំហានទី ១៖ ក្រសួងបានបញ្ចប់ការចេញបណ្ណចំនួន ៧ លានក្បាលដី ស្មើនឹង ១០០% នៃផែនការ។
  • ជំហានទី ២៖ ក្រសួងបាននិងកំពុងបន្តអនុវត្តការចេញបណ្ណបានចំនួន ,៨៩២,០០៧ បណ្ណ ស្មើនឹង ៣៧.៨៤% នៃចំនួនក្បាលដីប៉ាន់ស្មានជំហានទី ២ ប្រមាណ ៥ លានក្បាលដី។
  • ដោយឡែក ចំពោះការចុះបញ្ជីដីគរុភណ្ឌវត្តអារាមវិញ ក្រសួងសម្រេចបានចំនួន ,០៥១ បណ្ណ

យោងតាមក្រសួងរៀបចំដែនដីបានឲ្យដឹងថា ក្រសួងបានកំណត់យកការងារ «ចុះបញ្ជីដីបង្ហើយ» ជាគោលដៅសំខាន់ ដើម្បីបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា។ គោលដៅនេះគឺដើម្បី៖

  • កែសម្រួលភាពមិនច្បាស់លាស់ និងកាត់បន្ថយជម្លោះលើព្រំដី។
  • ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋ។
  • លើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃអចលនទ្រព្យ និងបង្កើតនូវបរិយាកាសគ្មានវិវាទ។

ទន្ទឹមនឹងនេះ ក្រសួងក៏បន្តអភិវឌ្ឍប្រព័ន្ធព័ត៌មានសុរិយោដីទំនើបកម្ម ដើម្បីគ្រប់គ្រងនិងផ្តល់សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ឈានទៅសម្រេចបានទស្សនាទាន «សេវាគាប់ចិត្ត» ជូនប្រជាពលរដ្ឋ និងពង្រីកមូលដ្ឋានពន្ធពាក់ព័ន្ធនឹងអចលនទ្រព្យ។

ចំពោះការងារចុះបញ្ជីបន្ត (ប្រតិបត្តិការលើអចលនទ្រព្យ) គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ ក្រសួងសម្រេចបានលទ្ធផល៖

  • ចុះបញ្ជីការផ្ទេរសិទ្ធិ៖ ៩៧៩,០៦២ ករណី
  • ចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក)៖ ៤៩៩,២៥៣ ករណី
  • ចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍៖ ៧១៩ បណ្ណ (ស្មើនឹង ៨៩,០១៧ ហិកតា ៣៧ អា)
  • ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ច៖ ៤៤៩ បណ្ណ (ស្មើនឹង ២៨២,៨៨២ ហិកតា ៦៨ អា)
  • ចុះបញ្ជីបំបែកក្បាលដីក្នុងបុរី៖ ៤៥៤ បុរី (ស្មើនឹង ៨២,២២២ បណ្ណ)

សម្រាប់ទិសដៅបន្ត ក្រសួងនឹងជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីត្រៀមរៀបចំខួបលើកទី ៤០ ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីឡើងវិញ។ ក្នុងនោះមាន៖

  • សម្អាត កែតម្រូវ និងកែសម្រួលទិន្នន័យសុរិយោដី។
  • ជម្រះបញ្ហាកកស្ទះដែលនៅសេសសល់ និងប្រើកម្លាំងសរុបដែលមានស្រាប់។
  • រៀបចំសេចក្តីព្រាងច្បាប់ភូមិបាលថ្មី និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ។
  • ចុះបញ្ជីដីរដ្ឋ ជាពិសេសដីបុរាណដ្ឋាន និងដីតំបន់ការពារធនធានធម្មជាតិ។
  • កំណត់មុខសញ្ញាទន្ទ្រានដីរដ្ឋ និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង៕

អត្ថបទ៖ត្រយង

Share.