ភ្ញៀវទេសចរបរទេស ៣ នាក់ មានអ្នកទេសចរណ៍ជនជាតិកូរ៉េខាងត្បូង អ្នកទេសចរណ៍សញ្ជាតិអង់គ្លេស និងភ្ញៀវទេសចរជនជាតិរុស្ស៊ី បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងទឹកផ្សេងគ្នា នៅភាគខាងត្បូងប្រទេសថៃ ក្នុងរយៈពេលបីថ្ងៃជាប់គ្នាកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រជុំកោះល្បីៗ ដែលបង្កឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពភ្ញៀវទេសចរនៅតាមតំបន់ឆ្នេរដ៏ពេញនិយមរបស់ប្រទេសនេះ ។
១. ឧបទ្ទវហេតុលើភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង

ឧបទ្ទវហេតុទីមួយបានកើតឡើងនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅតំបន់កោះស៊ិមិឡាន ខេត្តផាំងង៉ា។ លោក លី (Mr. Lee) ជនជាតិកូរ៉េខាងត្បូង អាយុ ៦៥ ឆ្នាំ បានបាត់បង់ស្មារតី ខណៈពេលដែលកំពុងលេងទឹកក្បែរកោះលេខ ៩ ។ ទោះបីជាលោកបានពាក់អាវពោងក៏ដោយ ក៏មន្ត្រីឧទ្យានបានប្រទះឃើញលោកអណ្តែតផ្កាប់មុខ។ ពួកគេបានធ្វើការសង្គ្រោះធ្វើចលនាបេះដូង CPR និងដឹកតាមទូកទៅកាន់កោះមៀង ។ បន្ទាប់មកលោកត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រឃុកខាក់ ប៉ុន្តែត្រូវបានប្រកាសថាបានស្លាប់នៅម៉ោង ១៤:៥៦ នាទី។ គ្រូពេទ្យបានកត់សម្គាល់ថា លោក លី មានប្រវត្តិជំងឺបេះដូង ហើយសពរបស់លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវ៉ាឈីរ៉ាភូកេត ដើម្បីធ្វើកោសល្យវិច្ច័យពេញលេញ។ ស្ថានទូតកូរ៉េខាងត្បូងត្រូវបានទាក់ទងដើម្បីជួយដល់ក្រុមគ្រួសាររបស់លោក។
២. ឧបទ្ទវហេតុលើភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស

នៅថ្ងៃទី ២៩ ខែវិច្ឆិកា លោក ជេសិន ម៉ាក ឡាំបឺត ជនជាតិអង់គ្លេស អាយុ ៣៧ ឆ្នាំ មកពីទីក្រុងអ៊ីបស្វីច បានលង់ទឹកស្លាប់ ខណៈពេលកំពុងហែលទឹកនៅឆ្នេរហ្វ្រីដម ក្នុងតំបន់ប៉ាតុង ខេត្តភូកេត។ លោកបានចូលទៅក្នុងទឹកជាមួយភរិយារបស់លោកនៅម៉ោងប្រហែល ១០:០០ នាទី មុននឹងបាត់ខ្លួនក្រោមផ្ទៃទឹក។ ក្រុមជួយសង្គ្រោះបានទាញលោកឡើងគោក និងធ្វើ CPR ប៉ុន្តែលោកត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យប៉ាតុង។ ប៉ូលិសបានរាយការណ៍ថា មិនមានសញ្ញានៃអំពើទុច្ចរិតណាមួយឡើយ។ លោក ជេសិន បានស្នាក់នៅសណ្ឋាគារមួយក្នុងតំបន់ប៉ាតុងជាមួយគ្រួសាររបស់លោកតាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា។
៣. ឧបទ្ទវហេតុលើភ្ញៀវទេចរណ៍ជនជាតិរុស្ស៊ី

នៅថ្ងៃបន្ទាប់ គឺថ្ងៃទី ៣០ ខែវិច្ឆិកា លោក ស៊ែរហ្គេយ ភ្ញៀវទេសចរជនជាតិរុស្ស៊ី អាយុ ៦៩ ឆ្នាំ បានលង់ទឹកស្លាប់នៅឆ្នេរប៉ាតុង ។ ដៃគូរបស់លោក គឺលោកស្រី ណាតាលីយ៉ា អាយុ ៤៧ ឆ្នាំ បានឱ្យដឹងថា លោក ស៊ែរហ្គេយ តែងតែហែលទឹកជាប្រចាំរៀងរាល់ព្រឹកក្នុងអំឡុងពេលវិស្សមកាលរបស់ពួកគេ ហើយបានសន្និដ្ឋានថា ចរន្តទឹកខ្លាំង ឬបញ្ហាសុខភាពភ្លាមៗអាចជាមូលហេតុនៃឧបទ្ទវហេតុនេះ។ ទោះបីជាមានការខិតខំសង្គ្រោះបន្ទាន់ដោយ CPR ពីសំណាក់ក្រុមជួយសង្គ្រោះក៏ដោយ ក៏លោកត្រូវបានប្រកាសថាបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យប៉ាតុង។

អាជ្ញាធរបាន អំពាវនាវម្តងហើយម្តងទៀត ដល់ភ្ញៀវទេសចរឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការលេងទឹក អនុវត្តតាមការណែនាំសុវត្ថិភាពក្នុងតំបន់ និង គោរពតាមការព្រមានរបស់ក្រុមជួយសង្គ្រោះឆ្នេរ ។ ការស៊ើបអង្កេតលើឧបទ្ទវហេតុនីមួយៗកំពុងបន្ត ដើម្បីកំណត់ពីកត្តារួមចំណែកណាមួយ៕

