បាត់ដំបង÷ មន្ត្រីតំបន់អភិរក្សសត្វស្លាបបឹងទន្លេសាបថាប្រភេទសត្វស្លាបទឹកសំខាន់ៗងាយរងគ្រោះ និងជិតផុតពូជបានវិលមកធ្វើសំបុកពងកូនរដូវកាលថ្មីឆ្នាំនេះ។

មន្ត្រីអភិរក្សតំបន់រ៉ាមសារព្រែកទាល់បឹងទន្លេសាប ខេត្តបាត់ដំបងបានអះអាងប្រាប់នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥នេះថា រដូវកាលឆ្នាំថ្មីក្នុងចំណោមសត្វស្លាបកម្រជាច្រើន ពិសេសប្រភេទសត្វស្លាបទឹកសំខាន់ៗ ងាយរងគ្រោះ និងជិតផុតពូជបានមានវត្តមានវិលមកធ្វើសំបុកពងកូនជាថ្មីទៀតនៅក្នុងដែនអភិរក្សរ៉ាមសារដែលការបង្កកំណើតប្រភេទជិតផុតពូជនេះជាការប្រសើរបំផុតនាំឲ្យសម្បូរសត្វស្លាបទឹកកម្រឡើងវិញ ហើយវានាំមកជាប្រយោជន៍ និងជាគោលបំណងដែលយើងចង់បានជាចាំបាច់។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងកាលពីថ្មីៗនេះថា÷ រយ:ពេល ២ឆ្នាំចុងក្រោយនេះក្រោមយុទ្ធនាការគាំទ្រដោយកងកម្លាំងចម្រុះរបស់គណបញ្ជាការស្រុក ខេត្ត ស្របគ្នានឹងឆ្នាំនេះទឹកបឹងទន្លេសាបទឹកឡើងធំ ពោរពេញទៅដោយចំណីផងនោះបានបង្កលក្ខណ:ដល់ការបង្កកំណើតរបស់ពូជសត្វស្លាបទឹកទាំងអស់ឲ្យធំធាត់លឿន និងមានការរីកចម្រើនច្រើន។

លក្ខណ:អំណោយផលបឹងទន្លេសាប ពិសេសតំបន់រ៉ាមសារសម្បូរត្រីជាចំណីបានធ្វើឲ្យសត្វស្លាបទឹកមិនប្រើពេលចាកចេញឆ្ងាយ ងាយស្រួលដល់ការបង្កកំណើតកូនពូជ។ ការរក្សាការពារយ៉ាងយកចិត្តទុកដាក់ និងលក្ខណ:អំណោយផលពីធម្មជាតិបានធ្វើឲ្យសត្វស្លាបទឹកមានការកើនឡើងប្រមាណ ២០% ក្នុងឆ្នាំនេះ។

មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តបានបន្តទៀតថា÷ បច្ចុប្បន្នសត្វស្លាបដែលរស់នៅក្នុងតំបន់ដីសើមខាងលើនេះមានចំនួន ១៤០ប្រភេទ តំបន់នេះជាតំបន់សំខាន់បំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបទឹកធំៗ ពងកូនដែលប្រភេទសត្វទាំងនេះភាគច្រើនទទួលរងនូវការគំរាមកំហែងក្នុងពិភពលោករួមមាន ទុងប្រផេះ ត្រដក់ធំ ត្រដក់តូច រនាលពណ៌ រនាលស ស្មោញ ពពូលទឹក និងអកត្រីក្បាលប្រើជាដើម…៕

អត្ថបទ: ដំបងក្រញូង

Share.