ក្រុមអ្នកកត់ត្រារកឃើញសត្វក្រៀលចំនួន២១៤ក្បាល ក្រោយធ្វើការជំរឿននៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះ។ ចំនួនកើនឡើងប្រមាណ៣៧ភាគរយ បើធៀបនឹងលទ្ធផលឆ្នាំ២០២២ បន្ទាប់ពីភាគីដៃគូពាក់ព័ន្ធបន្តរួមគ្នាអភិរក្ស និងការពារទីជម្រក។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រសួងបរិស្ថាន និងក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងសមាជិកដទៃទៀត-ដែលប្រមូលផ្តុំដោយអ្នកជំនាញ និងស្ថាប័នសិក្សានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា- បានរួមគ្នាជជែកក្នុងសិក្ខាសាលាស្តីពី«ការអភិរក្សសត្វក្រៀលក្នុងអនុតំបន់មេគង្គ» ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៥- ទៅលើកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងស្រាវជ្រាវថ្មីៗ និងការចែករំលែកបញ្ហាប្រឈម និងការអនុវត្តល្អបំផុត ដោយផ្តោតលើការអភិរក្ស។


លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាទីតាំងរឹងមាំចុងក្រោយមួយ សម្រាប់សត្វក្រៀល ក្នុងចំណោមអនុប្រទេសនៅអនុតំបន់មេគង្គ។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទសត្វនេះនៅតែបន្តប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារសត្វមានវ័យចំណាស់ហើយត្រូវងាប់ ការបាត់បង់ទីជម្រក ការអនុវត្តកសិកម្មគ្មាននិរន្តរភាព ការពុល កង្វះអាហារ ការរំខានដោយមនុស្ស និងចំណេះដឹងផ្នែកអេកូឡូស៊ីមានកម្រិត។
ចំនួនសត្វក្រៀលដែលមានវត្តមាននៅតំបន់អាងទន្លេមេគង្គក្រោម មានការថយចុះគួរឱ្យព្រួយបារម្ភ ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី៨៦៩ក្បាល ក្នុងឆ្នាំ២០១១ មកនៅត្រឹម១៥៦ក្បាល ក្នុងឆ្នាំ២០២២។ ដោយឡែកចាប់តាំងពីឆ្នាំ២០២២ ចំនួនសត្វស្លាបប្រភេទនេះបានចាប់ផ្តើមកើនឡើងវិញ។




ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលមានសមាសភាពពីរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ និងអនុវត្តផែនការសកម្មភាពអភិរក្សសត្វក្រៀល ដែលគ្របដណ្ដប់រយៈពេលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០។ ផែនការ និងសកម្មភាព ដែលបានកំណត់ក្នុងរៈពេល១០ឆ្នាំនេះ រួមមាន៖ ដោះស្រាយបញ្ហានៃការកើនឡើងអត្រាមរណភាពសត្វក្រៀលពេញវ័យ, កិច្ចការពារទីជម្រកនិងសំបុកពងកូន, ការលើកកម្ពស់ និងរក្សាការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ការអភិរក្សសត្វក្រៀល, បង្កើនសកម្មភាពអភិរក្ស និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រយ៉ាងសកម្មដោយផ្អែកលើព័ត៌មានថ្មី, ការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងតំបន់ ដើម្បីធានាដល់ការអភិរក្សសត្វក្រៀល និងប្រព័ន្ធអេកូឡូស៊ីដែលពួកគេរស់នៅ។
សូមបញ្ជាក់ថា ការធ្វើជំរឿនសត្វក្រៀល ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០០មក ដែលការធ្វើជំរឿននេះ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះ និងកត្តាគំរាមកំហែងរបស់ពួកវា នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម។ ការរាប់ចំនួនធ្វើឡើង ចាប់ពីខែធ្នូដល់ខែឧសភា នៅទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា។ ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា បានចាត់ទុកថា តំបន់ដីសើម និងព្រៃរបោះរបស់ប្រទេសកម្ពុជា គឺជាបន្ទាយដ៏រឹងមាំ សម្រាប់គាំទ្រដល់សត្វក្រៀល ដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិ និងវប្បធម៌ដ៏ជ្រាលជ្រៅ៕
អត្ថបទ៖ ត្រយងតូច

