បាងកក៖ អាជ្ញាធរថៃបានបិទសាលារៀនមួយនៅតំបន់ព្រំដែន និងបានពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅទឹកដីមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនថ្ងៃ បានបណ្តាលឱ្យគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់កាំភ្លើងខ្លះប្លោងហួសចូលមកក្នុងទឹកដីថៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីថៃកាលពីថ្ងៃចន្ទកន្លងទៅ

លោក ឧត្តមសេនីយ៍ទោ ម៉ៃទ្រី ឈូព្រីឆា (Maj. Gen. Maitri Chupricha) មេបញ្ជាការកងកម្លាំងនរេសួន (Naresuan Force) បានបញ្ជាឱ្យ បិទច្រកព្រំដែនមិនផ្លូវការទាំងអស់ នៅក្នុងខេត្តតាក (Tak) និងបានផ្អាកការប្រើប្រាស់កំពង់ផែក្នុងស្រុក ដោយសារតែជម្លោះកំពុងកើនឡើងនៅ ទីប្រជុំជនម៉្យាវ៉ាឌី ក្នុងប្រទេសមីយ៉ាន់ម៉ា។ សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ពី គ្រាប់កាំភ្លើងត្បាល់ចំនួន ៥ គ្រាប់ ដែលមិនស្គាល់ប្រភពបានធ្លាក់ចូលមកក្នុងប្រទេសថៃកាលពីចុងសប្តាហ៍ ហើយបានបំផ្លាញផ្ទះមួយខ្នង និងបណ្តាលឱ្យក្មេងប្រុសជនជាតិមីយ៉ាន់ម៉ាម្នាក់រងរបួស ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យម៉ែសូត (Mae Sot Hospital)។

ចាប់ពីយប់ថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃចន្ទ ទីភ្នាក់ងារសន្តិសុខថៃបានទទួលរបាយការណ៍ថា កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ជាច្រើននាក់ដែលបំពាក់ដោយអាវុធធុនធ្ងន់ បានវាយលុកទៅមុខឆ្ពោះទៅកាន់ទីតាំងប្រឆាំងរបបនៅក្បែរមូលដ្ឋានប៉ាសាក់ ត្រង់ច្រកចូលភូមិម៉ិនឡាផា ក្នុងទីប្រជុំជនម៉្យាវ៉ាឌី ដែលស្ថិតនៅទល់មុខភូមិម៉ែគនកេន ស្រុកម៉ែសូត ខេត្តតាក។ ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យ បំណែកគ្រាប់ និងគ្រាប់កាំភ្លើង មួយចំនួនធ្លាក់ចូលមកក្នុងភូមិថៃ បំផ្លាញផ្ទះចំនួន ៦ ខ្នង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។
ទោះជាយ៉ាងនេះក្ដី សាលារៀនបានម៉ែគនកេន ដែលមានទីតាំងនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីព្រំដែនប៉ុណ្ណោះ បាន ផ្អាកការសិក្សាដោយគ្មានកំណត់ បន្ទាប់ពីមានគ្រាប់កាំភ្លើងត្រូវបានរកឃើញនៅក្នុងបរិវេណសាលាកាលពីសប្តាហ៍មុន។ នាយកសាលា បានបញ្ជាឱ្យបិទទ្វារដើម្បីជាការប្រុងប្រយ័ត្ន។

ដោយឡែកនៅត្រើយម្ខាងនៃព្រំដែន កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលព្យាយាមវាយលុកទៅលើតំបន់កាន់កាប់របស់ក្រុមប្រឆាំង ត្រូវបានរងការបាញ់ប្រហារយ៉ាងខ្លាំងពីកាំភ្លើងយន្ត និងការវាយប្រហារដោយគ្រាប់បែកដៃ ដែលជំរុញឱ្យទាហានត្រូវតបតដោយការបាញ់កាំភ្លើងត្បាល់។ គេអាចមើលឃើញ អណ្តាតភ្លើង និងផ្សែងក្រហមហុយខ្មួលខ្មាញ់ ពីក្នុងទឹកដីថៃ ខណៈសំឡេងផ្ទុះលាន់រន្ទឺពេញស្រុកម៉ែសូត។

គ្រាប់មិនទាន់ផ្ទុះ និងគ្រាប់កាំភ្លើងត្បាល់ បន្ថែមទៀតបានធ្លាក់ចូលក្នុងភូមិម៉ែគនកេន ដែលជំរុញឱ្យ កងកម្លាំងពិសេសនរេសួន បាញ់គ្រាប់បែកបំភ្លឺចំនួន ៤ គ្រាប់ពីកាំភ្លើងត្បាល់ ១២០ មិល្លីម៉ែត្រ ជា សញ្ញាព្រមាន ទៅកាន់កងកម្លាំងមីយ៉ាន់ម៉ាថា គ្រាប់យុទ្ធភណ្ឌធុនធ្ងន់របស់ពួកគេបានធ្លាក់លើដីថៃ។
ចាប់តាំងពីពេលនោះមក អង្គភាពសន្តិសុខថៃ – រួមទាំងកងកម្លាំងនរេសួន, កងវរសេនាតូចរេនជឺទី ៣៥, មន្ត្រីស្រុក, ក្រុមហ៊ុននគរបាលល្បាតព្រំដែន ៣៤៦, និងនគរបាលស្រុកម៉ែសូត – បាន ពង្រឹងទីតាំង តាមបណ្តោយព្រំដែន និងកំពុង ល្បាត ២៤ ម៉ោង ដោយមិនឈប់ឈរ ព្រោះតែបារម្ភខ្លាចការប៉ះទង្គិចនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ ព្រោះអាចមានអ្នករត់គេចភៀសខ្លួនពីសង្គ្រាមចូលមកក្នុងទឹកដីរបស់ថៃ៕

Share.