ក្រចេះ៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម វ៉ា ថន ប្រធានសាខា បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត រៀបចំកម្មវិធី ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមមូលបទ “យកឈ្នះការរំខាន បរិវត្តកម្ម ឆ្លើយតបនឹងជំងឺអេដស៍” និងអបអរសាទរ ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៥ នៅអនុសាខាសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាព លោកជំទាវ ហឹង ណារីវ៉ាថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។


កម្មវិធីមានអ្នកចូលរួមសរុប ១៦០ នាក់ រួមមានក្រុមកាកបាទក្រហម អ្នកស្ម័គ្រចិត្ត យុវជន និងបងប្អូនមានផ្ទុកមេរោគអេដស៍។ នៅក្នុងពិធីនេះ លោក ងី ប៊ុនឡែន សមាជិកគណៈកម្មាធិការសាខា និងប្រធានមន្ទីរសុខាភិបាលខេត្ត បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលើកទឹកចិត្តកាកបាទក្រហម និងសហគមន៍ក្នុងការឆ្លើយតបជំងឺអេដស៍ និងការអភិវឌ្ឍសុខភាពសាធារណៈ។


លោកជំទាវ ក៏បានផ្តល់ប្រសាសន៍លើកទឹកចិត្តក្រុមការងារទាំងអស់ ឱ្យបន្តសកម្មភាពក្នុងការការពារ និងលើកកម្ពស់សុខភាពសហគមន៍ ព្រមទាំងបន្តកាត់បន្ថយការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។ នៅចុងកម្មវិធី គណៈអធិបតីបានផ្តល់ អំណោយសម្ភារ និងថវិកា ជូនអ្នកចូលរួម សរុប ៧០ នាក់ រួមមានអង្ករ ទឹកស៊ីអ៊ីវ មុង សាប៊ូ និងថវិកា, ជួយសំរួលកង្វះកាយសម្បទា និងជម្រុញសុខភាពល្អក្នុងសហគមន៍៕



