កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ បានចូលរួមក្នុងពិធីបើកសន្និសីទពិភពលោក ស្តីពីការប្រើប្រាស់ដូប៉ាក្នុងវិស័យកីឡា ឆ្នាំ២០២៥ ដែលមានការចូលរួមពី ១៩១ ប្រទេសជុំវិញពិភពលោក នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

មានវត្តមានក្នុងពិធីនោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Witold Bańka ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក លោកស្រីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អតីតប្រធាន IOC រដ្ឋមន្រ្ដីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាសាធារណៈរដ្ឋកូរ៉េ ប្រធានគណៈកម្មាធិការ WADA ប្រធានសហព័ន្ធកីឡាអន្តរជាតិ រួមទាំងមន្ត្រីកីឡាអន្តរជាតិ តំណាងរដ្ឋាភិបាល ទីភ្នាក់ងារប្រឆាំងដូប៉ា អ្នកស្រាវជ្រាវ អត្តពលិក ប្រមាណ ១៥០០នាក់មកពី ១៩១ ប្រទេសជុំវិញពិភពលោក។


សន្និសីទពិភពលោកស្តីពីការប្រើប្រាស់ដូប៉ាក្នុងវិស័យកីឡានេះធ្វើឡើងជាលើកទី៦ និងជាលើកទី១ដែលរៀបចំនៅអាស៊ី ដោយមានកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ សិក្ខាសាលាជំនាញ និងវេទិកាជាច្រើនដែលដឹកនាំដោយអត្តពលិក នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទប៊ូសាន (BEXCO)។
ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោក បានបើកសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមពីសំណាក់បណ្ដាប្រទេសសមាជិកទូទាំងពិភពលោក និងបង្ហាញអំពីគោលជំហ និងបេសកកម្មរបស់ទីភ្នាក់ងារប្រឆាំងដូប៉ាពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ដូប៉ាទៅលើអត្តពលិក ដើម្បីសុច្ចរិតភាពកីឡា។

ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ហៅកាត់ថា ទ.ក.ប.ដ. មានតួនាទី និងភារកិច្ច រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងសកម្មភាព ស្រាវជ្រាវសារធាតុ និងវិធីសាស្ត្រដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ព្រមទាំងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ជីសារធាតុ និងវិធីសាស្ត្រ ធាតុហាមឃាត់ក្នុងវិស័យកីឡាទៅដល់អ្នកប្រើប្រាស់ ជាពិសេសអត្តពលិក។ បន្ថែមពីនេះ ទ.ក.ប.ដ. ក៏នឹងទទួលបន្ទុកជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡាផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសាអង់គ្លេសហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤៕



