សៀមរាប ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីអប់រំ និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្នុងខេត្តសៀមរាប។ ជំនួបនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា និងអាណាព្យាបាលសិស្សផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន ជាពិសេសការបន្តនិរន្តរភាពនៃការរៀន និងបង្រៀនភាសាបារាំងប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីលទ្ធផលសម្រេចបាននាពេលកន្លងមកនៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើង។

ដើម្បីបន្តជំរុញ និងលើកកម្ពស់ការពង្រឹងការបណ្តុះបណ្តាលភាសាបារាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើនដល់តួអង្គពាក់ព័ន្ធដែលរួមមាន៖
- បង្កើនការផ្សព្វផ្សាយ ពីសារៈសំខាន់ ឱកាសការងារ និងអាហារូបករណ៍ដែលទទួលបានពីការសិក្សាភាសាបារាំង។
- បង្កើតយន្តការថ្មី ដូចជា ក្លឹបសិក្សា ក្លឹបតម្រង់ទិសវិជ្ជាជីវៈ និង ក្រុមប្រឹក្សាភាសាបារាំង នៅតាមវិទ្យាល័យ។
- ពង្រឹងគុណភាពគ្រូ: ពង្រឹងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពគ្រូបង្រៀនភាសាបារាំង។
- ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល: រៀបចំវីដេអូផ្សព្វផ្សាយ បង្កើតមាតិកា និងបង្កើតអ្នកមានឥទ្ធិពល (influencer) ដែលប្រើភាសាបារាំង ដើម្បីបង្កើនភាពទាក់ទាញ។
- រៀបចំការប្រឡងប្រណាំង និយាយភាសាបារាំង និងបង្កើតបណ្ដាញសិស្ស-និស្សិតដែលនិយាយភាសាបារាំង។
- កែលម្អកម្មវិធីសិក្សា: ពិនិត្យឡើងវិញនូវសៀវភៅសិក្សាគោល កម្មវិធីសិក្សា និងមុខវិជ្ជាឯកទេសផ្សេងៗដែលរៀនជាភាសាបារាំង។
- ពិនិត្យ និងផ្តល់ឧបករណ៍ឌីជីថល និងសម្ភារៈឧទ្ទេស ដើម្បីជំរុញឱ្យការរៀនភាសាកាន់តែទាក់ទាញ និងមានវិធីសាស្ត្របង្រៀនថ្មីៗ។
ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ បន្តសហការគ្នាដើម្បីកែលម្អកម្មវិធីសិក្សាភាសាបារាំងឱ្យកាន់តែមានភាពទាក់ទាញ សំដៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស និងបង្កើតឱ្យបាននូវធនធានមនុស្សរឹងមាំនិងមានគុណភាព៕



អត្ថបទ៖ត្រយង
