នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​ក្រសួង​បរិស្ថាន បាន​កត់​សម្គាល់​ថា ជា​រៀងរាល់​ឆ្នាំ នៅ​រដូវ​ប្រាំង​ចាប់​ពី​ខែ​ធ្នូ ដល់​ខែ​មេសា គុណភាព​ខ្យល់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​មាន​ការ​ធ្លាក់​ចុះ​ជា​ពិសេស​កំណើន​កំហាប់​ភាគ​ល្អិត​និចល​អណ្ដែត​ក្នុង​ខ្យល់ (​PM2.5 និង PM10​) អាច​មាន​កម្រិត​លើស​ស្តង់​ដារ​កំណត់ ដែល​ជា​ហានិភ័យ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង បរិស្ថាន​។ បើ​តាម​ក្រសួង​បរិស្ថាន ប្រភព និង​សកម្មភាព​សំខាន់ៗ ដែល​បង្ក​ឱ្យ​មាន​កំណើន​កំហាប់​ភាគ​ល្អិត​និចល​នេះ រួម​មាន ភ្លើង ឆេះ​ព្រៃ ការ​ដុត​វាល​ស្មៅ ការ​ដុត​សំណល់​កសិកម្ម ការ​ដុត​រាន​ព្រៃ ការ​ដុត​ជញ្ជាំង ការ​ដុត​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក​នៅ​ទី​ចំហ ការ​ឆេះ​នៅ​ទីលាន​ចាក់​សំរាម និង​ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ ឧស្សាហកម្ម និង​យានយន្ត ព្រមទាំង​ការ​ហុយ​ធូលី​ពី​ការដ្ឋាន​សំណង់​ជា​ដើម​។

ជា​មួយ​គ្នា​នេះ ក្រសួង​បរិស្ថាន សង្កេត​ឃើញ​ថា មាន​រោងចក្រ សហគ្រាស សិប្បកម្ម​មួយ​ចំនួន​បាន​យក​សំណល់​កម្ទេច​ក្រណាត់​មក​ដុត ក្នុង​ឡ​ចំហាយ ឡ​កម្ដៅ ឡឥដ្ឋ ដែល​មិន​មាន​បំពាក់​ប្រព័ន្ធ​សម្អាត និង​កាត់​បន្ថយ​សារធាតុ​បំពុល​ខ្យល់​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស និង​យក​សំណល់​គ្រប់​ប្រភេទ​ក្នុង​រោងចក្រ​ទៅ​ដុត​នៅ​ក្នុង និង​ក្រៅ​បរិវេណ​រោងចក្រ សហគ្រាស សិប្បកម្ម និង​ទី​សាធារណៈ​។

ដើម្បី​ការពារ និង​ទប់​ស្កាត់​បញ្ហា​បំពុល​ខ្យល់​នៅ​កម្ពុជា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​គណៈ​អភិបាល​រាជធានី ខេត្ត បន្ត​ធ្វើ​ការ​ជា​មួយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ឃុំ-សង្កាត់ ជំរុញ​ការ​អនុវត្ត​វិធាន​ការ​ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដោយត្រូវអប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់​ជញ្ជ្រាំង សំរាម សំណល់រឹង និង​សំណល់​ប្លាស្ទិក​នៅ​ទី​ចំហ និង​បង្ការ​ទប់​ស្កាត់​ការ​ឆេះ​ទីលាន​ចាក់​សំរាម​។ ទប់ស្កាត់​ការ​ហុយ​ធូលី​នៅ​ការដ្ឋាន​សំណង់ និង​ការ​ដឹកជញ្ជូន​សម្ភារ​សំណង់​។

ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ការ​សម្អាត​ធូលី និង​ធ្វើ​អនាម័យ​នៅ​តាម​ដង​ផ្លូវ និង​ទី​សាធារណៈ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​។ ជា​មួយ​គ្នា​នេះ​ក៏​ត្រៀម​ផង​ដែរ នូវ​មធ្យោបាយ សម្ភារ បរិក្ខារ ដើម្បី​ទប់ស្កាត់ ឬ ពន្លត់ភ្លើង ករណី​មាន​ការ​ដុត​វាលស្មៅ សំណល់​កសិកម្ម រានព្រៃ គល់​ជញ្ជ្រាំង និង​ការ​ដុត​សំណល់​ផ្សេងៗ​ទៀត​។

នៅ​ក្នុង​សេចក្ដី​ណែនាំ ក្រសួងបរិស្ថានបានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដោយ​អនុលោម​ទៅ​តាម​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដោយ​មិន​ត្រូវ​មាន​ការ​លើកលែង​ដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលមិនបានអនុវត្តនូវវិធានការរបស់អាជ្ញាធរ ដែលក្នុងនោះរួមមាន៖

១- បញ្ឈប់​ការ​ដុត​កម្ទេច​ក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែល​មិន​មាន​បំពាក់​ប្រព័ន្ធ​សម្អាត និង​កាត់បន្ថយ​សារធាតុ​បំពុល​ខ្យល់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

២- បញ្ឈប់​រាល់​ការ​ដុត​សំណល់​គ្រប់​ប្រភេទ​នៅ​ក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ។

៣- រៀបចំ​បំពាក់​ប្រព័ន្ធ​សម្អាត​ផ្សែង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដើម្បីធានាថាការបញ្ចេញសារធាតុបំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ។

សូមរំឭកថា កាលពីរដូវបប្រាំងមុន គឺអំឡុងពេលខែធ្នូឆ្នាំ ២០២៤ ដល់ខែមេសា ឆ្នាំ ២០២៥, ទោះបី​ជាប្រទេស​កម្ពុជា​យើង ត្រូវបាន​អ្នក​ជំនាញ​បរិស្ថាន​អះអាង​ថា មិន​សូវ​ជា​រង​ឥទ្ធិពល​ខ្យល់​ពុល​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​សន្ទុះ​កើន​ឡើង​នៃ​ធូលី​ល្អិត​នៅ​ក្នុង​ខ្យល់ (​ដែល​ហៅ​តាម​វិទ្យាសាស្ត្រ​ថា PM2​.​5) ដែល​ពេល​ខ្លះ​ហក់​ឡើង​ដល់ ៥០ មីក្រូក្រាម​ក្នុង​រង្វង់​១ម៉ែត្រ​ត្រីគុណ បាន​បង្ក​ជា​កង្វល់​ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ ខណៈ​អ្នក​ខ្លះ​រអ៊ូរទាំ​ថា​មាន​បញ្ហា​ផ្លូវ​ដង្ហើម ផ្ដាសាយ និង​ក្រហាយ​ភ្នែក​ជា​ដើម​។

បើ​តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​បរិស្ថាន បាញ​ឲ្យ​ដឹង​ថា នៅអំឡុងខែមករា ២០២៥ កម្រិត​ភាគ​ល្អិត​និចល (PM2.5) មាន​ក្នុង​ខ្យល់​ចន្លោះ​ពី ៤៨​.​៥២ ដល់ ៥៣​.​៦១ មីក្រូក្រាម​ក្នុង​រង្វង់​១​ម៉ែត្រ​ត្រីគុណ ខណៈ​កម្រិត​ស្តង់ដារ​គុណភាព​ខ្យល់ តម្រូវ​ឲ្យ​មាន​ភាគ​ល្អិត​និចល​ត្រឹម ៥០ មីក្រូក្រាម​/​ម៉ែត្រ​ត្រីគុណ​។

សូម​បញ្ជាក់​ថា ប្រទេស​ជិតខាង​របស់​កម្ពុជា ក៏​ទទួល​រង ឥទ្ធិពល​នៃ​បញ្ហា​ខ្យល់​ពុល​នេះ​ខ្លាំង​ណាស់​ដែរ។ បើ​តាម​សេចក្ដីរាយ​ការណ៍ ទីក្រុងហាណូយ និងទីក្រុងបាងកក ជារឿយៗ កម្រិត​ភាគ​ល្អិត​និចល (PM2.5) បានហក់ឡើងខ្ពស់ជាង១០០ មីក្រូក្រាម ដែលជាកម្រិតប្រកាសអាសន្ន៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.