ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ បានធ្វើឡើងក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ រាធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ រួមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ បងប្អូនមានពិការភាពជាច្រើននាក់ទៀតបានចូលរួម។

ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងពីរបាយការណ៍លទ្ធផលចុងក្រោយអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានបង្ហាញថា អត្រាជនមានពិការភាពទូទាំងប្រទេសដែលមានអាយុចាប់ពី៥ឆ្នាំឡើង មានចំនួន ១,៦៤០,២៥៩នាក់ ស្មើនឹង ៥.៥% នៃប្រជាជនសរុបចំនួន ១៧,៨៤៧,៩៨២នាក់។ អត្រានេះមានការកើន ឡើងខ្ពស់បើប្រៀបធៀបទៅនឹងរបាយការណ៍ចុងក្រោយអង្កេតចន្លោះជំរឿននៃប្រជាជនកម្ពុជាឆ្នាំ២០១៣ ដែលមានត្រឹមតែ ៣០១,៦៣០នាក់ ស្មើនឹង ២.១%នៃប្រជាជនសរុប ១៤,៦៧៦,៥៩១នាក់។ ការកើនឡើងនេះបណ្តាលមកពីការកំណត់និយមន័យពិការភាព និងការប្រើប្រាស់កម្រងសំណួរបែបគំរូសង្គម ស្របតាមស្តង់ដារអន្តរជាតិ ដែលផ្តោតលើសិទ្ធិជាមូលដ្ឋាន មានភាពសុក្រឹត្យ និងជាក់លាក់ជាងមុន។

ទិវាជនមានពិការភាពឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖ ទី១. លើកកម្ពស់ការយល់ដឹងជា សាធារណៈ និងលើកទឹកចិត្តឱ្យសង្គមយល់ និងទទួលស្គាល់សិទ្ធិ ការចូលរួម និងអត្តសញ្ញាណរបស់ជន មានពិការភាព ទី២. ជំរុញការចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាពក្នុងសង្គម ទី៣. ជំរុញការ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ផែនការយុទ្ធ សាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តនានា ។

ទី៤. ជំរុញក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ចូលរួមអនុវត្តកាតព្វកិច្ច និងវិធាន ការផ្សេងៗ ក្នុងការកែលម្អសេវាសាធារណៈ ការបង្កើតឱកាសការងារសមស្រប ការអប់រំ និងការអភិវឌ្ឍ ផាសុកវត្ថុ ទី៥. លើកទឹកចិត្តឱ្យមានការកែលម្អគោលនយោបាយអន្តរវិស័យទាំងនៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព និងទី៦. បង្ហាញអំពីសមិទ្ធផលក្នុងវិស័យពិការភាពដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែង និងទេពកោសល្យរបស់ជនមានពិការភាព ដែលបញ្ជាក់ថាជន មានពិការភាពមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍសង្គមជាតិឡើយ។

ឯឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏បានបំផុសជាចលនាជាតិ និងស្មារតីរួមមួយក្នុងសង្គមកម្ពុជា មិនថាវិស័យរដ្ឋ ឬឯកជនក្តី និងបងប្អូនជនរួមជាតិគ្រប់វ័យ គ្រប់ស្រទាប់ទាំងអស់ សូមចូលរួមលើកកម្ពស់សិទ្ធិ ផ្តល់ក្តីស្រលាញ់ ក្តីអាណិតអាសូរ និងផ្តល់កិត្តិយស ព្រមទាំងផ្ដល់ឱកាសដល់ជនមានពិការភាពទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ថែមការជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការ ចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យ ឯកជនដែលទទួលខុសត្រូវលើមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាម ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ត្រូវរៀបចំ ឬកែសម្រួលមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួល។

សូមរំលឹកថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រី ចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់៕

Share.