កម្ពុជា​ បាន​សម្រេចបញ្ជូនប្រតិភូ និង​អត្តពលិក​ចំនួន១៣៧​រូប លើ​១២ប្រភេទកីឡា​ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ នៅក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម នៅ​ប្រទេសថៃ ដែល​ប្រព្រឹត្តទៅចាប់​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ នេះ​បើ​យោង​តាម​ការចេញផ្សាយ​របស់​ Olympic Oambodia នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ បានធ្វើដំណើរទៅកាន់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួន ប្រតិភូ អត្តពលិក និងប្រភេទកីឡាចូលរួម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅ​ប្រទេស​ថៃ នាពេល​ខាងមុខ។

ទាក់ទងទៅនឹងចំនួនចុងក្រោយរបស់់ កីឡាកម្ពុជា ឯកឧត្ដម ញ៉ាន សុខវិសាល បង្ហាញ​របាយការណ៍ចុង​ក្រោយ ដែល​កម្ពុជាចូលរួម ស៊ីហ្គេម ២០២៥ មាន​១២ប្រភេទកីឡា រួម​មាន៖ អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ តេក្វាន់ដូ WT ឃីកបុកស៊ីង ម៉ូតូទឹក  ជឺជីតស៊ូ បាល់ទាត់លើតុ ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក ខណៈប្រតិភូ និងអត្តពលិកមានចំនួន ១៣៧នាក់។

ជុំវិញការស្នាក់នៅ ហូបចុក ឯកឧត្ដម ញ៉ាន សុខវិសាល បានមានប្រសាសន៍ថា៖ ក្រុមកម្ពុជាមានលក្ខណៈពិសេសជាងក្រុមកីឡាប្រទេសផ្សេង ដោយប្រតិភូ និងអត្តពលិកកម្ពុជាស្នាក់នៅរួមគ្នាតែម្ដង ដោយមិនបែងចែកប្រភេទកីឡាឡើយ ហើយការស្នាក់នៅ និងប្រកួតមាននៅ ២កន្លែង គឺ នៅក្រុងបាងកក និង ខេត្តឈុនបុរី។

ក្រៅពីនេះ ឯកឧត្ដមនាយបេសកកម្ម បានប្រាប់ថា ក៏មានការជជែកពីការរក្សា សន្តិសុខ សុវត្ថិភាពដល់ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា ក្នុងអំឡុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយមានការចូលរួមការពារយ៉ាងពេញទំហឹង ពីសមត្ថកិច្ចម្ចាស់ផ្ទះ ទាំងនៅសណ្ឋាគារ និងពេលធ្វើដំណើរ។ ឯកឧត្ដម បានឱ្យដឹងទៀតដែរថា ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី ៨ ខែធ្នូ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ នៅទឹក​ដី​ប្រទេសថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ៣២០២៥ មាន​ ៥៧៤វិញ្ញា ក្នុង​ ៥០ប្រទេសកីឡា ស្របពេល​ពិធីបើក​ជាផ្លូវ​ការ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥៕

Share.