ឧត្តមានជ័យ ៖ គ្រាប់បែកចង្កោម ប្រភេទM46 ចំនួន២៥គ្រាប់ ត្រូវបានអង្គភាពសុីម៉ាក់ រកឃើញនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងរយៈពេល៥ថ្ងៃ ។

តាមអង្គភាពសុីម៉ាក់ បានឱ្យដឹងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្នុងរយៈពេល៥ថ្ងៃ អង្គភាពសុីម៉ាក់ រាវរកឃើញគ្រាប់បែកចង្កោម ប្រភេទM46 ដែលបាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម របស់កងទ័ពថៃ ធ្លាក់នៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

អង្គភាពសុីម៉ាក់បន្តទៀតថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹង ហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន ៖ ទី១ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រប្រាស់អាវុធគីមី (កម្ពុជា+ថៃ) ជារដ្ឋភាគី ។ ទី២ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា ។ ទី៣ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃ) ជារដ្ឋភាគី ។

គួរំលឹកដែរថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារា អាយុ១០ឆ្នាំ ម្នាក់ បានផ្ទុះគ្រាប់បែកចង្កោម ប្រភេទនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ ។

ជាមួយគ្នា អង្គភាពសុីម៉ាក់ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមកន្លងមកនេះ ៕

Share.