ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប និងមន្ទីរ អយក ខេត្តកំពង់ចាម ឡើងទៅជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើគូប្រកួត សរុបទាំង២ជើង បញ្ចប់នៅថ្ងៃទី៣ ធ្នូ ២០២៥នេះ។

កម្មវិធីប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ មានដូចខាងក្រោម៖
- ភ្នំពេញហ្គាឡាក់ស៊ី ០-០ ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប (សរុបទាំង២ជើង ២-៣)
- មន្ទីរ អយក ខេត្តកំពង់ចាម ១-១ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ (សរុបទាំង២ជើង ២-២ កំពង់ចាមឈ្នះបាល់១១ម៉ត្រ ៤-៣)
ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


