ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទើបមកពីស្រុក មិនទាន់ទាំងបានការងាររោងចក្រធ្វើផង ជួបគ្រោះស៊យ ត្រូវបានក្រុមទម្លាក់យោង ល្បួងនាំយកទៅដោះគ្រឿងអលង្ការ ខ្សែក ខ្សែដៃ ទូរស័ព្ទ អស់ពីខ្លួនរលីង បានមកវិញនូវខ្សែកក្រឡៃប៉ុនកូនដៃ ស្រែកទ្រហោរយំទធាក់ដី កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវមាត់ប្រឡាយ ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ សុខជា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ទើបមករកការងារធ្វើ ស្នាក់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ ខ្សែកផ្លាទីន តម្លៃ៤០០ដុល្លារ ខ្សែដៃផ្លាទីន តម្លៃ៣០០ដុល្លា និងទូរស័ព្ទដៃ IPhone 13Pro មួយគ្រឿង ។

តាមការយំរៀបរាប់ពីនារីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ នាងទៅធ្វើតេស្តនៅរោងចក្រអាមេរិកកាំង ក្នុងភូមិទួលពង្រ លុះចេញមកវិញបំណងដើរទៅផ្ទះជួល ទើបតែនៅឈរមុខរោងចក្រ ត្រូវបានក្រុមទម្លាក់យោង ស្រី២នាក់ ប្រុស២នាក់ សរុបគ្នា៤នាក់ ប្រើល្បិចសួរនាំរឿងជ្រុះកាបូបលុយ មាស ហើយល្បួងនាំជិះម៉ូតូទៅតាមផ្លូវមាត់ប្រឡាយទួលពង្រ ដល់ចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ជនសង្ស័យធ្វើសកម្មភាពប្រគល់កាបូប ដែលមានខ្សែក ក្រហមច្រាល ហើយដោះយកខ្សែក ខ្សៃដៃ និងយកទូរស័ព្ទ រួចគេចខ្លួនបាត់អស់ គ្រាន់តែប្រាប់ថាពួកគេទៅដូរលុយចែកគ្នា ដោយចាំយូរពេក បើកបង្ហើបមើលក្នុងកាបូប ពិនិត្យមើលខ្សែក ទើបដឹងថាជាក្រឡៃ ស្រែកទ្រហោរយំ ស្តាយទ្រព្យរបស់ខ្លួន ផ្អើលប្រជាពលរដ្ឋ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅនាំនារីរងគ្រោះទៅសាកសួរ និងទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី១ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.