បទ ពាក្យ ៧

ក្រមា ផ្សារភ្ជាប់នឹងជីវិត               ក្រមា ឆ្ងាយជិតខ្មែរត្រូវការ

ក្រមា មិនថាស្រែចម្ការ                ក្រមា ស្មេរថាតាមតាប្រាប់។

ក្រមា ម៉ែចងជួសអង្រឹង               ក្រមា  សន្ធឹងចងកណ្តាប់

ក្រមា ជូតក្បាលពេលគាស់កាប់     ក្រមា តាប្រាប់ធ្លាប់ដាំបាយ។

ក្រមា បត់បក់ដេញមូសបាន         ក្រមា បក់ប្រាណបានរសាយ

ក្រមា អាចគ្របដណ្តប់កាយ         ក្រមា ជួយស្រាយដោះទុក្ខសត្វ។

ក្រមា ចោមពុងពាក់ពានា            ក្រមា ផ្តល់ជាប្រយោជន៍ក្តាត់

ក្រមា អាចបាំងទីសម្ងាត់             ក្រមា អាចចាត់តាមចង់ច្នៃ។

ក្រមា ដណ្តប់ពេលរងា               ក្រមា មីងមាប្រើបាំងថ្ងៃ

ក្រមា ជូតខ្លួនចួនជូតដៃ              ក្រមា ខ្មែរច្នៃលេងកម្សាន្ត។

ក្រមា ខ្ចប់វេចជាសម្ពាយ             ក្រមា កេរយាយពិតចំណាន

ក្រមា ចំណាំតាមលម្អាន             ក្រមា ច្នៃបានម៉ូដសម័យ។

ក្រមា វត្ថុបញ្ចាំចិត្ត                    ក្រមា ស្នេហ៍ស្និទ្ធភ្ជាប់និស្ស័យ

ក្រមា គូស្នេហ៍អាចចងដៃ             ក្រមា ថ្លាថ្លៃជាចំណង។

ក្រមា គ្រាមួយធ្លាប់អាប់យស        ក្រមា ជាប់ឈ្មោះសែនសៅហ្មង

ក្រមា គេប្រើជាខ្សែចង               ក្រមា ចំណងផ្តាច់សង្ខារ។

ក្រមា បង់កក្រុមអាវខ្មៅ              ក្រមា ដានដៅរឿងខ្លោចផ្សារ

ក្រមា ទើសភ្នែកអ្នកក្រុងផ្សារ        ក្រមា សញ្ញានៃអ្នកស្រែ។

ក្រមា ចូលផ្សារខ្លះតមប្រើ            ក្រមា ចេញដើរខ្លះមិនក្បែរ

ក្រមា បង់កគេថាស្រែ                 ក្រមា មិនប្រែខ្មែរនៅប្រើ។

ក្រមា បើតាមកត់ចំណាំ               ក្រមា ច្រើនឆ្នាំល្បីគ្រាន់បើ

ក្រមា អំណោយគាប់ប្រសើរ         ក្រមា បម្រើកិច្ចផ្លូវការ។

ក្រមា ជាប់ឈ្មោះក្នុងបញ្ជី            ក្រមា គ្មាន២វែងអស្ចារ្យ

ក្រមា Guiness បានកត់ត្រា        ក្រមា ខ្មែរចារប្រវត្តិថ្មី។

ក្រមា ខ្មែរជាប់ក្នុងបញ្ជី               ផ្សព្វផ្សាយគ្រប់ទីរន្ទឺល្បី

បេតិកភណ្ឌអរូបិយ                   ជាសម្បត្តិថ្មី UNESCO[i]

ក្រមា សម្បត្តិនៃមនុស្សជាតិ         ក្រមា សូមជាតិខ្មែរអាសូរ

ក្រមា ផ្តាំខ្មែរថែកុំប្តូរ                   អាសូរ កេរតាក្រមាខ្មែរ ៕

អត្ថបទ៖សំ នឿន


[i] អង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

Share.