ភ្នំពេញ ៖ ដងផ្លូវបេតុងលេខ៤២ វត្តស្លែង-បែកចាន បន្ទាប់ពីរងខូចខាតផ្នែកខ្លះ បែក ប្រេះ សំបុកមាន់ ខូចចិញ្ចើមផ្លូវ ត្រូវបានអាជ្ញាធរខណ្ឌកំបូល រួមជាមួយមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន ធ្វើការជួសជុល កែលម្អ សម្អាតឡើងវិញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រសង្កាត់ប្រទះឡាង និងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឱ្យដឹងថា តាមផ្លូវបេតុងលេខ៤២ ចាប់ពីកែងផ្លូវជាតិលេខ៣ ដល់ផ្សារបែកចាន ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីដងផ្លូវមានការខូចខាតផ្នែកខ្លះ ប្រេះ បែក ជង្ហុក សម្បុកមាន់ កន្លែងខ្លះបែកខូចចិញ្ចើម ហើយដើម្បីជៀសវាងផ្លូវកាន់តែខូចខាត អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរង នៃគណអភិបាលខណ្ឌកំបូល រួមជាមួយមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន ធ្វើការជួសជុល កែលម្អ ធ្វើអនាម័យ បរិស្ថាន ដោយលុបស្នាមប្រេះ បាក់បែក សម្រួលឡើងវិញ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ជាបំណែកមួយនៃការថែទាំផ្លូវឱ្យបានគង់វង់ ។

អាជ្ញាធរអំនាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាត បរិស្ថាន ទាំងអស់គ្នា ដើម្បីប្រយោជន៍រួម ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.