រដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ថា ខ្លួននឹង ផ្អាកការអនុវត្ត ពាក្យស្នើសុំអន្តោប្រវេសន៍ទាំងអស់ រួមទាំងការស្នើសុំ កាតរស់នៅអចិន្ត្រៃយ៍ (Green Card) ការស្នើសុំ សញ្ជាតិអាមេរិក និងអ្នកដែលស្ថិតក្នុងដំណើរការស្នើសុំអន្តោប្រវេសន៍ទាំងបែបអចិន្ត្រៃយ៍ និងពាក់កណ្តាលអចិន្ត្រៃយ៍ ដែលដាក់ស្នើដោយជនអន្តោប្រវេសន៍មកពី ១៩ ប្រទេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប (EU)។

រដ្ឋាភិបាលអាមេរិកបានលើកឡើងថា ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពី សន្តិសុខជាតិ និង សុវត្ថិភាពសាធារណៈ។ វិធានការនេះបានដាក់ចេញទៅលើក្រុម ឬបុគ្គលដែលមកពីប្រទេសទាំង១៩ រួមមាន៖ អាហ្វហ្គានីស្ថាន (Afghanistan), មីយ៉ាន់ម៉ា (Myanmar), ឆាដ (Chad), កុងហ្គោ (Congo), គីណេ (Guinea), អេរីទ្រា (Eritrea), ហៃទី (Haiti), អ៊ីរ៉ង់ (Iran), លីប៊ី (Libya), សូម៉ាលី (Somalia), ស៊ូដង់ (Sudan), យេម៉ែន (Yemen) ប្រទេសចំនួន១២ ដែលត្រូវបានរៀបរាប់នេះ គឺហាមឃាត់ទាំងស្រុងខណៈដែលប្រទេសចំនួន៧ រួមមាន ប៊ូរុនឌី (Burundi), គុយបា (Cuba), សៀរ៉ាឡេអូន (Sierra Leone), តូហ្គោ (Togo), ទួគមេនីស្ថាន (Turkmenistan), វេណេហ្ស៊ុយអេឡា (Venezuela), ឡាវ (Laos) ត្រូវបានកម្រិតការធ្វើដំណើរមួយផ្នែក។

ប្រទេសទាំង ១៩ នេះត្រូវបានសហរដ្ឋអាមេរិកប្រកាសកម្រិតការធ្វើដំណើរតាំងពីខែមិថុនាមកម្ល៉េះ ដើម្បីបង្កើនភាពតឹងរ៉ឹងក្នុងការអនុវត្តគោលនយោបាយអន្តោប្រវេសន៍ ដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្រនយោបាយរបស់លោក ត្រាំ។

គោលនយោបាយថ្មីនេះបញ្ជាឱ្យ ផ្អាកពាក្យស្នើសុំទាំងអស់ ដែលកំពុងស្ថិតក្រោមការអនុវត្ត ហើយតម្រូវឱ្យអ្នកដាក់ពាក្យអន្តោប្រវេសន៍ពីប្រទេសនៅក្នុងបញ្ជីទាំងនេះ ត្រូវឆ្លងកាត់ ដំណើរការពិនិត្យឡើងវិញយ៉ាងលម្អិតជាទីបំផុត។
ដំណើរការនេះរួមបញ្ចូលទាំងការ សម្ភាសន៍បន្ថែម ដែលអាចកើតឡើង ហើយបើចាំបាច់ ត្រូវមានការសម្ភាសន៍ម្តងទៀត ដើម្បីពិនិត្យ និងវាយតម្លៃការគំរាមកំហែងផ្នែកសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈឱ្យបានពេញលេញ។

ឯកសារបញ្ជាផ្លូវការនៃគោលនយោបាយថ្មីនេះ បានលើកឡើងជាពិសេសអំពី ហេតុការណ៍វាយប្រហារលើសមាជិកកងកម្លាំងការពារមាតុភូមិអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដែលជនសង្ស័យគឺជាបុរសជនជាតិ អាហ្វហ្គានីស្ថាន។ ហេតុការណ៍វាយប្រហារនោះបានបណ្តាលឱ្យមន្ត្រីកងកម្លាំងការពារមាតុភូមិម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ត្រាំ ក៏បានប្រើពាក្យសំដីរិះគន់យ៉ាងខ្លាំងទៅលើជនជាតិ សូម៉ាលី ដោយហៅពួកគេថា “សំរាម” ហើយបានថ្លែងថា “យើងមិនត្រូវការពួកគេនៅក្នុងប្រទេសរបស់យើងទេ”៕

Share.