កំពង់ចាម ÷ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញបើកពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅបរិវេណសាលាដំបូងខេត្ត។

ពិធីនេះមានការចូលរួមពី រដ្ឋលេខាធិកា–អនុលេខាធិកា សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តំណាងក្រុមប្រឹក្សាខេត្ត កងកម្លាំងសន្តិសុខ និងមន្រ្តីរាជការ ពេញមួយខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម វង្ស ប៊ុនវិសុទ្ធ និងឯកឧត្តម សួស ឡា ដែលបានបំពេញភារកិច្ចយ៉ាងមានប្រសិទ្ធភាព និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងវិស័យតុលាការ។ ពេលដដែលគាត់បានបង្ហាញការជឿជាក់ថា ក្រុមថ្នាក់ដឹកនាំថ្មី នឹងបន្តពង្រឹងការអនុវត្តច្បាប់តាមសមត្ថកិច្ច និងផ្តល់សេវាយុត្តិធម៌ឲ្យប្រជាពលរដ្ឋ បានប្រសើរជាងមុន។




ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំថ្នាក់ដឹកនាំតុលាការ ឲ្យបន្តយកចិត្តទុកដាក់លើការកែទម្រង់វិស័យច្បាប់ និងយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្ររដ្ឋបាលដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការដោះស្រាយសំណុំរឿងឱ្យរហ័ស បង្កើនភាពត្រឹមត្រូវ តម្លាភាព និងសុច្ចរិតភាពក្នុងការជម្រះក្តី។

តាមការផ្ទេរតំណែង៖ ឯកឧត្តម កោ វណ្ឌី ត្រូវបានផ្ទេរពីប្រធានសាលាដំបូងខេត្តព្រះសីហនុ មកកាន់តំណែងប្រធានសាលាដំបូងខេត្តកំពង់ចាម។
ឯកឧត្តម កែវ សុជាតិ ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មកកាន់តំណែងព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕





