វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងក្នុងសស្រុក) បានធ្វើការវាយប្រហារថ្មីមួយទៀតលើទូកដែលសង្ស័យថាមានការជួញដូរគ្រឿងញៀនដែលដំណើរការដោយអ្វីដែលរដ្ឋបាល លោក ត្រាំ បានចាត់ថ្នាក់ថាជាអង្គការភេរវករដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Fox Baltimore នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀនចំនួន ៤នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែល​ជា​ការ​វាយ​ប្រហារ​លើទូកសង្ស័យជួញដូរគ្រឿងញៀនលើក​ទី២២ ក្រោម​ការ​ដឹកនាំ​របស់​លោក Pete Hegseth រដ្ឋមន្រ្តីក្រសួង​សង្គ្រាម​ ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា ​មក ដោយអ្នកស្លាប់សរុបពីការវាយប្រហារតាមសមុទ្ររបស់​អាមេរិក​ កើនឡើងដល់ ៨៦នាក់។

ដំណឹងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក នឹងពន្លឿនការវាយប្រហារយោធារបស់ខ្លួនលើទូកដឹកគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់ថាជារបស់ប្រទេសវ៉េណេស៊ុយអេឡា ហើយប្រធានាធិបតីនៃប្រទេសនេះ កំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀន ដើម្បីរក្សាអំណាចរបស់ខ្លួន។

លោក ត្រាំ ក៏បានថ្កោលទោសអតីតប្រធានាធិបតី ចូ បៃដិន ផងដែរ ដោយនិយាយថា ជនអន្តោប្រវេសន៍ឧក្រិដ្ឋជនខុសច្បាប់មួយចំនួនមកពីប្រទេស វ៉េណេស៊ុយអេឡា បានចូលទឹកដីសហរដ្ឋអាមេរិក អំឡុងពេលកាន់តំណែងរបស់លោក បៃដិន។

លោក ត្រាំ បានបន្ដថា «វេណេស៊ុយអេឡា បញ្ជូនគ្រឿងញៀន និងមនុស្សមកប្រទេសយើង ដែលពួកគេមិនគួរបញ្ជូនមកទេ ដោយអ្នកទាំងនោះជាអ្នកទោស ជាឃាតករ ក្រុមក្មេងទំនើង អ្នកជួញដូរគ្រឿងញៀនកម្រិតខ្ពស់ជាដើម»។

យ៉ាងណាម៉ិញ រដ្ឋមន្រ្តីក្រសួងសង្រ្គាមអាមេរិក កំពុងស្ថិតក្រោមការតាមដានយ៉ាងខ្លាំង ជុំវិញការវាយប្រហារដោយយោធាលើអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់នៅតំបន់ការ៉ាប៊ីន និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត។

យោងតាម​មន្ត្រី​អាមេរិក ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ដាក់ពង្រាយ​ទាហាន​ប្រហែល​១៥,០០០​នាក់ និង​នាវាចម្បាំង​ច្រើន​ជាង​ ១២​គ្រឿង ទៅកាន់​តំបន់​​ការ៉ាប៊ីន​ក្បែរ​ប្រទេស​វ៉េណេស៊ុយអេឡា ​ក្រោមប្រតិបត្តិការ «Southern Spear» ក្នុង​គោល​បំណង​​​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន។

ទាក់ទិននឹងបញ្ហានេះ ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ច្រានចោល​ការ​ចោទប្រកាន់​ពីការ​ជួញដូរ​គ្រឿងញៀន​​ថា​ជា​រឿង​នយោបាយ ដោយ​លោក​ប្រធានាធិបតី​ នីកូឡាស ​ម៉ាឌូរ៉ូ​ អះអាង​ថា ឥរិយាបថ​យោធា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​​បង្ក​​អស្ថិរភាព និង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក។

សូមជម្រាបថា លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ​២០២០ ដោយរដ្ឋអាជ្ញា​អាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់​ចូលទៅក្នុង​ទឹក​ដី​អាមេរិក។

ក្រៅតែពីលោក ម៉ាឌូរ៉ូ នៅមានមន្ត្រីធំៗមួយចំនួនទៀតរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវ​អាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami៕

ប្រភព៖ Fox Baltimore

Share.