កំពង់ឆ្នាំង ៖ បន្ទាប់ពីមានត្រីងាប់ច្រើននៅក្នុងអូរមួយកន្លែង ឈ្មោះថាអូរឫស្សី ក្នុងភូមិសាស្ត្រ ភូមិខ្លុងពពក ឃុំជាប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន មន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្តខាងលើ សង្ស័យមានការបំពុលបរិស្ថាន ទើបធ្វើឱ្យងាប់ត្រីនៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

ក្រុមការងារបានចុះពិនិត្យការដ្ឋាន ក្រុមហ៊ុន រុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd ដែលមានទីតាំក្បែរនោះផងដែរ ។

ជាមួយគ្នានេះ ក្រុមការងារបន្តសហការជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដំណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីការបំពុលទឹកអូរឫស្សី (ដៃអូរស្ទឹងជ្រាប) ដោយហាមមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរ ជាបណ្តោះអាសន្ន និងបរិភោគត្រីនៅក្នុងទឹកចំនួនទៀតដែលពាក់ព័ន្ធនឹងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថាន បន្តពិនិត្យទីតាំងរុករករ៉ែលោហៈ ប្រមូលសំណាក និងធ្វើកំណត់ហេតុដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងចាត់វិធានការបន្ត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.