(ភ្នំពេញ)៖ ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា «ទិវាជាតិអ្នកនិពន្ធ» គឺជាការរួមចំណែកដ៏សំខាន់ជួយលើកស្ទួយសីលធម៌ និងកិត្យានុភាពជាតិ ព្រមទាំងការរក្សាការពារចំណេះដឹងប្រពៃណី និងការលើកស្ទួយវិញ្ញត្តិវប្បធម៌ (ផ្សព្វផ្សាយវប្បធម៌) ផងដែរ។

សារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព» បានលើកឡើងអំពីគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជា៖

  • វិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ
  • អ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ
  • អ្នកការពារអត្តសញ្ញាណជាតិ
  • អ្នកចែករំលែកចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្តមនុស្សជាតិ

ទិវាជាតិអ្នកនិពន្ធ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែធ្នូ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការ៖

  • លើកស្ទួយគុណតម្លៃ និងគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរគ្រប់ជំនាន់។
  • រំលឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ។
  • ជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា និងលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ។
  • ប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន។

សម្តេចធិបតីបានបញ្ជាក់ថា ទិវានេះបានចូលរួមដល់ការសម្រេចបាននូវគោលបំណងនៃ គោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ តាមរយៈសកម្មភាពគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីលើគ្រប់ផ្នែកនៃឧស្សាហកម្មវប្បធម៌ ដូចជា តន្ត្រី សោតទស្សន៍ ភាពយន្ត ការបោះពុម្ព សិល្បៈទស្សនីយភាព សិប្បកម្ម និងវិចិត្រកម្មជាដើម។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ និងបន្តលើកទឹកចិត្តដល់គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ព្រមទាំងសមាគម និងអ្នកនិពន្ធឯកជន ឱ្យបន្តពង្រឹងការចូលរួមតាក់តែង និងបង្កើតស្នាដៃថ្មីៗ ដើម្បីបម្រើដល់វិស័យសិក្សាអប់រំ និងការស្រាវជ្រាវរបស់សិស្ស និស្សិត។

រាជរដ្ឋាភិបាលនៅតែបន្តអាទិភាពលើការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹង និងលើកកម្ពស់គុណភាព ព្រមទាំងពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ផលប្រយោជន៍សង្គមជាធំ។

បន្ថែមពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានបន្តពង្រឹងសកម្មភាពកសាងច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីបានអំពាវនាវចំពោះ៖

  • ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ
  • វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ

សូមចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធ និងផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតីជាតិដល់ប្រជាពលរដ្ឋទូទៅឱ្យកាន់តែគាំទ្រ និងចូលរួមពង្រឹងការអាន ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ៕

អត្ថបទ៖ត្រយង

Share.