ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ០៤ ធ្នូ ២០២៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានប្រកាសសាលក្រមលើជនជាតិចិនចំនួន ៤ នាក់ ពាក់ព័ន្ធនឹងបទជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ កាន់កាប់គ្រឿងផ្ទុះ និងការសម្អាតប្រាក់ ដែលបានប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ ២០១៩ ដល់ខែតុលា ២០២៤ ។

ជនជាប់ចោទទាំង៤នាក់ រួមមាន៖ទី១ឈ្មោះ GAO SHAN (កូវ សាន), អាយុ ៣៩ ឆ្នាំ ត្រូវបានផ្តន្ទាទោសពន្ធនាគារអស់មួយជីវិត និងពិន័យ ៥០០ លានរៀល ព្រមទាំងហាមឃាត់ចូលកម្ពុជា បន្ទាប់ពីបញ្ចប់ទោស។ ទី២ឈ្មោះ WANG XIAO LONG (វ៉ាង ស៊ែវឡុង), អាយុ ៣៤ ឆ្នាំ ។ ទី៣ឈ្មោះ CHEN JIA PING (ជិន ជាផឹង), អាយុ ៣២ ឆ្នាំ ត្រូវបានផ្តន្ទាទោសម្នាក់ ៣០ ឆ្នាំ និងពិន័យម្នាក់ ៣០០ លានរៀល ហាមឃាត់ចូលកម្ពុជា បន្ទាប់ពីបញ្ចប់ទោស។ ទី៤ ឈ្មោះTANG YU HAN, អាយុ ២៨ ឆ្នាំ ត្រូវបានផ្តន្ទាទោស ២ ឆ្នាំ ៦ ខែ ពិន័យ ៦ លានរៀល និងហាមឃាត់ចូលកម្ពុជា បណ្ដោះអាសន្ន។ សាលក្រមនេះអនុវត្តតាមច្បាប់គ្រឿងញៀន (មាត្រា ៤០ និង ៤៨), ក្រមព្រហ្មទណ្ឌ (មាត្រា ៤៩០) និងច្បាប់ប្រឆាំងការសម្អាតប្រាក់ (មាត្រា ៣៨) ។

សូមរំលឹកដែរថា កាលពីថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ២០២៤ កម្លាំងប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅសំខាន់ ៤ កន្លែង នៅសង្កាត់ទន្លេបាសាក់ សង្កាត់និរោធ និងខណ្ឌច្បារអំពៅ ហើយបានឃាត់ខ្លួនជនសង្ស័យ ៤ នាក់ជាមួយនឹងភស្តុតាងមួយចំនួនរួមមាន៖ គ្រឿងញៀន ៧៩៩ កញ្ចប់ ទម្ងន់សរុប ៩៣.៨៣៤ គីឡូក្រាម, ថ្នាំគ្រាប់ ៦.២២៨ គ្រាប់, កញ្ហាក្រៀម ២.០៩៧ គ្រាម, បារីកញ្ញា ៣១៩.៥០ ក្រាម, គ្រាប់កាំភ្លើង ១៦ គ្រាប់ និងសំបកគ្រាប់ ៤ វត្ថតាងពាក់ព័ន្ធនឹងការសម្អាតប្រាក់ជាច្រើនទៀត៕

អត្ថបទ៖ ចតុម្មុខ

Share.