ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍ទឹកល្អក់២ ស្រាវជ្រាវជាប់ឃាត់ខ្លួនបាន ក្នុងករណីលួចម៉ូតី កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះលេខ២៦២ ផ្លូវលេខ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ៖ ទី១ ឈ្មោះ សៅ សុភារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥ ភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។



ចំណែកជនរងគ្រោះមាន ឈ្មោះ សេន វណ្ឌី ភេទប្រុស អាយុ៣៧ឆ្នាំ ជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានជួសជុលរថយន្តទីតាំងផ្ទះលេខ២៦២ ផ្លូវលេខ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-3864 ត្រូវបានដកហូតមកវិញ និងម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-6410 ជារបស់ជនសង្ស័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យជិះម៉ូតូស្មាស់ ឌុបគ្នាទៅធ្វើសកម្មភាពលួចកាច់កម៉ូតូជនរងគ្រោះ បានសម្រេច គេចខ្លួនបាត់ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់នៅផ្ទះជួលក្នុងខណ្ឌទួលគោក និងបន្តតាមទៅចាប់ខ្លួន នៅផ្ទះជួលក្នុងខណ្ឌសែនសុខ ដកហូតបានម៉ូតូ២គ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួន ។
ជនសង្ស័យក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕




អត្ថបទ÷តាតុងសែនជ័យ
