ផ្ទះចំនួន ៩ខ្នងនៅក្នុងស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃបានរងការខូចខាតដោយគ្រាប់ផ្លោង និងគ្រាប់កាំភ្លើង បន្ទាប់ពីការប្រយុទ្ធគ្នាថ្មីៗបានផ្ទុះឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិាភាគតិចការ៉ែន (KNU)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។

ប្រភពព្រំដែនមួយបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍នេះថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងពលធំទី២២ របស់មីយ៉ាន់ម៉ា និងកងពលតូចលេខ ៦ របស់កងកម្លាំងជនជាតិភាគតិចការ៉ែន (KNU) នៅភូមិមួយក្នុងក្រុង Myawaddy ដែលនៅទល់មុខភូមិ Huai Maha Wong និង Mae Kon Ken ប្រទេសថៃ។

បើតាមការឱ្យដឹងពីកងទ័ពមកពីកម្លាំងពិសេស Naresuan របស់ថៃថា ការប្រយុទ្ធគ្នារបស់ភាគីទាំង២ ក្នុងទឹកដីរបស់មីយ៉ាន់ម៉ានេះ បានប្រើប្រាស់ទាំងអាវុធធុនតូច និងអាវុធធុនធ្ងន់ ហើយបានផ្លោងធ្លាក់ចូលទឹកដីថៃ ដោយបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនរងការខូចខាត និងមានប្រជាជនថៃរងរបួសជាបន្ដបន្ទាប់។ ជាក់ស្ដែងលើកនេះ បានបណ្ដាលឱ្យផ្ទះចំនួន ៩ខ្នងរងការខូចខាត និងពលរដ្ឋថៃ ២នាក់រងរបួស ខណៈកាលពីថ្ងៃទី២ ខែធ្នូ ក៏មានពលរដ្ឋថៃម្នាក់រងរបួស និងបណ្ដាលឱ្យផ្ទះ ៤ខ្នងរងការខូចខាតផងដែរ។

ឧបទ្ទវហេតុនេះបាននាំឱ្យរដ្ឋមន្ត្រីការពារជាតិថៃលោក Nattaphon Narkphanit ប្រកាសបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ានៅក្នុងស្រុក Mae Sot រយៈពេល ៧ថ្ងៃ។
លោក Nattaphon បាននិយាយថា កងកម្លាំងថៃឆ្លើយតបជាមួយនឹងការបាញ់ព្រមានរាល់ពេលដែលគ្រាប់បេ ផ្លោងឆ្លងចូលប្រទេសថៃ ដោយអនុវត្តតាមច្បាប់តឹងរ៉ឹងនៃការចូលរួម។ លោកបាននិយាយថា មកដល់ពេលនេះ មិនមានរបាយការណ៍នៃការលុកលុយចូលក្នុងទឹកដីថៃទេ ប៉ុន្ដែផែនការជម្លៀសនឹងត្រូវបានដំណើរការលុះត្រាតែមានករណីចាំបាច់៕

