ជាការឆ្លើយតបជាមួយសំណួរថា តើហេតុអ្វីបានជាគួររៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា លើកទី ២» ឆ្នាំ២០២៥ ចំពេលដែលប្រទេសកំពុងជួបប្រទះការលំបាក ភាពតានតឹង ធុញថប់អារម្មណ៍ ពីបញ្ហាជម្លោះព្រំដែនបែបនេះ? ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ឡើងនូវ ២ ចំណុចធំៗ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គូសបញ្ជាក់ថា ទី១ ការរៀបចំព្រឹត្តិការណ៍នេះមិនមែនគ្រាន់ដើម្បីឱ្យរៀបចំការជួបជុំគ្នា បំផុសស្មារតីស្នេហាជាតិក្នុងនាមជាខ្មែរតែពេលប្រទេសសំបូរសប្បាយនោះទេ ប៉ុន្តែផ្ទុយទៅវិញ នៅពេលប្រទេសកំពុងជួបវិបត្តិ សង្គមជាតិជួបភាពតានតឹង ធុញធប់នៅក្នុងអារម្មណ៍ យើងគួរតែរៀបចំព្រឹត្តិការណ៍ដើម្បីយើងមានឱកាសជួបជុំគ្នាបន្ថែម។ ទី២ អ្វីដែលនាំឱ្យយើងចេញពីផ្ទះទៅជួបមិត្ត ឬអ្នកដទៃ នាំមកនូវស្នាមញញឹមប្រហែលធ្វើឱ្យយើងស្រស់ស្រាយខ្លះនៅក្នុងអារម្មណ៍។ ដូច្នោះការរៀបចំ សាទរកម្ពុជាជាលើកទី ២ គឺដើម្បីនាំមកនូវការជួបជុំគ្នា ព្រោះគ្មានពេលណាមួយនោះទេ ដែលខ្មែរមិនរួបរួមសាមគ្គីដូចពេលបច្ចុប្បន្ននេះ។

២០២៥ ជាឆ្នាំដ៏តានតឹងសម្រាប់ប្រជាជាតិកម្ពុជា ត្រូវបានឆ្លងកាត់ការសាកល្បង ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងនាមជាជាតិសាសន៍មួយ។ ក៏ប៉ុន្តែ បើទោះបីជាមានព្យុះភ្លៀងយ៉ាងណា ប្រជាជាតិខ្មែរនៅតែឈរយ៉ាងរឹងម៉ាំ រួមគ្នា ជាប្រជាជាតិតែមួយ ដើម្បីប្រទេសកម្ពុជាជាទីស្រឡាញ់នៃយើងគ្រប់គ្នា។ ក្នុងគ្រាដ៏លំបាកនេះ យើងទាំងអស់គ្នា បានឃើញយ៉ាងច្បាស់នូវកម្លាំងរួបរួមសាមគ្គីគ្នា ដែលមិនអាចបំបែកបំបាក់បាន ជឿជាក់លើគ្នា នៅជាមួយគ្នា យកចិត្តទុកដាក់នឹងគ្នា ជួយគ្នា ព្រោះយើងគ្រប់គ្នាជាខ្មែរ។
ដូច្នោះហើយព្រឹត្តិការណ៍ «សាទរកម្ពុជាលើកទី ២» ឆ្នាំ ២០២៥ គឺការជួបជុំបង្ហាញពីឆន្ទៈ និងការពុះពារយ៉ាងមោះមុតរបស់ប្រជាជាតិកម្ពុជាទាំងមូលទាំងទំនៀមទម្លាប់ និងប្រពៃណៃរបស់ខ្មែរ ស្នាមញញឹម ភាពកក់ក្តៅ ការយោគយល់អធ្យាស្រ័យគ្រប់កាលទេសៈទាំងអស់ សាមគ្គីភាពជាតិខ្មែរតែមួយ៕

