

ការចំណាយសម្រាប់ការប្រកួតស៊ីហ្គេម ២០២៣ កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន។ សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នារសៀលថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២៥នេះ។
ដោយស្មារតីសន្សំសំចៃ សម្តេច ទៀ បាញ់ ដែលជាអ្នកដឹកនាំគណៈកម្មាធិការនៃការរៀបចំ និងការប្រកួត បានចំណាយប្រាក់អស់ត្រឹមតែ ១១៨ លានដុល្លារប៉ុណ្ណោះ ដោយគិតទាំងចំណាយជំនួសកីឡា បរទេសទាំងការស្នាក់នៅ ហូបចុក។ សម្ដេចថា «កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ យើងចិញ្ចឹមកីឡាប្រទេសជាមិត្តអស់ប្រហែល១២លានដុល្លារប៉ុណ្ណោះ»។ បើគិតទាំងការចំណាយលើការប្រកួតអាស៊ានប៉ារ៉ាហ្គេមផង ចំណាយអស់ ១២៦ លានដុល្លារ ហើយបើគិតប្រាក់រង្វាន់ដល់កីឡាកម្ពុជា ដែលទទួលបានមេដាយ គ្រប់កម្រិតផងកម្ពុជាបានចំណាយអស់ ១៣០ លានដុល្លារ។
តាមគម្រោង កាលនោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណជិត២០០លានដុល្លារសម្រាប់រៀបចំ និងការប្រកួតស៊ីហ្គេម២០២៣។
សម្ដេចតេជោពន្យល់អំពីរបៀបចំណាយថវិកាប្រកបដោយសុវត្ថិភាពយ៉ាងដូច្នេះថា «សម្រាប់ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ យើងមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឱ្យថវិកាឆ្នាំ២០២៣ រងសម្ពាធ និងផ្អាកចំណាយលើគម្រោងវិនិយោគមួយចំនួន។ របៀបរបស់យើងត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២២ ដែលក្នុងមួយឆ្នាំជិត ១០លានដុល្លារ បានថវិកាជិត៥០លានដុល្លារ។ ដោយឡែកថវិកាឆ្នាំ២០២៣ យើងគ្រោងក្នុងច្បាប់ថវិកាចំនួន១៥០លានដុល្លារទៀតសរុប ជិត២០០លាន។»
ទោះជាយ៉ាងណា សម្ដេចតេជោក៏មិនភ្លេចគូសបញ្ជាក់អំពីសមិទ្ធផល នៃពហុកីឡដ្ឋានមរតកតេជោដែលមិត្តចិនតាមរយៈប្រធានាធិបតី ស៊ីជិនភីង ពិតជាបានជួយសាងសង់លេចចេញជារូបរាង ពហុកីឡដ្ឋាននេះ គឺជាកន្លែងបើកនិងបិទស៊ីហ្គេម ព្រមទាំងជាទីតាំង ប្រកួតវិញ្ញាសាមួយចំនួនផងដែរ។ ជាមួយគ្នានេះ កម្ពុជាមានសមិទ្ធផលដែលមានស្រាប់ ដែលជាមរតករបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កសាងក្នុងអំឡុងឆ្នាំ១៩៦០ គឺពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលកំពុងប្រើប្រាស់ដល់សព្វថ្ងៃ៕

