ភ្នំពេញ ៖ ផ្លូវបេតុងវត្តស្ងួនពេជ្រ ក្នុងភូមិស្ងួនពេជ្រ និងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បន្ទាប់ពីរងខូចខាត បាក់ប្រេះ ស្រុត ដោយសារទឹកជំនន់នាពេលកន្លងមក ត្រូវបានអាជ្ញាធរខណ្ឌកំបូល ធ្វើការជួសជុលឡើងវិញហើយ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា រដូវភ្លៀងធ្លាក់ ទឹកជន់លិចផ្លូវបេតុងខាងលើ ធ្វើឱ្យខូចខាត បែកប្រេះ ស្រុត ជាអន្លើៗ មកដល់រដូវរាំងស្ងួតនេះ ត្រូវបានអាជ្ញាធរខណ្ឌ ធ្វើការជួសជុល កែលម្អឡើងវិញ ។

តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីផ្លូវបេតុងក្នុងភូមិស្ងួនពេជ្រ ភូមិគល់ ផ្លូវចូលសាលាខណ្ឌកំបូល រងខូចខាត ត្រូវបានអាជ្ញាធរខណ្ឌ មន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងអាជ្ញាធរសង្កាត់-ភូមិ ចុះធ្វើការជួសជុល កែលម្អឡើងវិញ ងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ៕









