
រចនាសម្ព័ន្ធគ្រប់គ្រងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ស្រដៀងគ្នានឹងព្រះរាជាណាចក្រកម្ពុជាដែរ គឺមានរដ្ឋាភិបាលមួយដឹកនាំដោយនាយករដ្ឋមន្ត្រី ដោយមានគណៈរដ្ឋមន្ត្រី ដែលវៀតណាមហៅថា ក្រុមប្រឹក្សារដ្ឋមន្ត្រី គឺជាប្រជុំរដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័ននីមួយៗ។ ក្រសួង-ស្ថាប័នទាំងនោះ មានតួនាទីរៀបចំ និងដាក់ចេញគោលនយោបាយ និងក្របខ័ណ្ឌបច្ចេកទេសថ្នាក់ជាតិសម្រាប់វិស័យដែលខ្លួនទទួលខុសត្រូវ។
ដោយឡែករដ្ឋបាលថ្នាក់ក្រោមជាតិវៀតណាម ក៏ស្រដៀងគ្នានឹងកម្ពុជាដែរ ដោយគេបែងចែកជា ៣ ថ្នាក់ គឺរដ្ឋបាលខេត្ត និងក្រុងកណ្តាល (ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងហាយហ្វុង… ) រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ-សង្កាត់។ នេះគឺនៅមុនកំណែទម្រង់ ១ កក្កដា ២០២៥។
រដ្ឋាភិបាលវៀតណាមបានធ្វើកំណែទម្រង់ដ៏ធំជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិខ្លួន រាប់ចាប់តាំងពីបង្រួបបង្រួមជាតិមក គឺការកាត់បន្ថយចំនួនអង្គភាពរដ្ឋបាលកម្រិតខេត្ត/ក្រុងពី ៦៣ ឱ្យត្រឹមតែ ៣៤ ក្នុងនោះមាន ២៨ ខេត្ត និង ៦ ក្រុងកណ្តាល និងលុបបំបាត់រដ្ឋបាលកម្រិតស្រុក ប្តូរទៅប្រព័ន្ធគ្រប់គ្រង ២ ថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ឃុំ-សង្កាត់។ ជាមួយគ្នានេះ ប្រមាណជាង ១០ ០០០ ឃុំ-សង្កាត់ ត្រូវបង្រួមមកនៅត្រឹមជាង ៣ ៣០០ ឃុំ-សង្កាត់ ប៉ុណ្ណោះ។
ចំណែកឯរដ្ឋបាលថ្នាក់ជាតិ វៀតណាមបានកាត់បន្ថយចំនួនក្រសួង-ស្ថាប័នពី ២២ មកនៅត្រឹម ១៧ ក្រសួង-ស្ថាប័ន ជាមួយនឹងការកាត់បន្ថយចំនួនមន្ត្រីរាជការជាច្រើនម៉ឺននាក់ផងដែរ។ បើយើងមើលទៅ ឃើញថា រដ្ឋាភិបាលវៀតណាមពិតជាសម្រេចជោគជ័យគួរឲ្យកត់សម្គាល់ និងគួររៀនសូត្រតាម ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ប៉ុន្តែបើយើងមើលថយក្រោយទៅកាន់អតីតកាលរបស់វៀតណាម ត្រឹមឆ្នាំ ១៩៧៦ បន្ទាប់ពីវៀតណាមបង្រួបបង្រួមជាតិបានជាស្ថាពរ ដែលគេកំណត់យកថ្ងៃទី ២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយបង្រួបបង្រួមសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ខាងជើង) និងសាធារណរដ្ឋវៀតណាមខាងត្បូង (ខាងត្បូង) បង្កើតបានជា សាធារណរដ្ឋសង្គមនិយមវៀតណាម (Socialist Republic of Vietnam) រដ្ឋបាលសាធារណៈត្រូវបានរៀបចំឡើងវិញតាមប្រព័ន្ធ កណ្តាលនីយកម្មកម្រិតខ្ពស់ កាន់អំណាចផ្តាច់មុខដោយ បក្សកុម្មុយនីស្តវៀតណាម (CPV)។
រដ្ឋការវៀតណាម ធ្លាប់ធ្វើកំណែទម្រង់ទូទាំងប្រទេសម្តងដែរ ប៉ុន្តែមិនជោគជ័យ។ មូលហេតុចម្បង ៣ ដែលមិនអាចធ្វើឲ្យផែនការកំណែទម្រង់នាពេលនោះមិនជោគជ័យគឺ៖
- ទី១ ដែនគ្រប់គ្រងមានវិសាលភាពធំពេក ហើយប្រជាជនក៏ច្រើន ម្ល៉ោះហើយ រដ្ឋាភិបាលខេត្តមានការលំបាកក្នុងការគ្រប់គ្រង និងផ្តល់សេវាសាធារណៈដល់តំបន់ដាច់ស្រយាលក្នុងខេត្តតែមួយ។ ការណ៍នេះបានកាត់បន្ថយប្រសិទ្ធភាពនៃការគ្រប់គ្រងយ៉ាងខ្លាំង។ ជាមួយគ្នានេះ រដ្ឋបាលថ្នាក់ស្រុក និងឃុំ នៅមិនទាន់មានសមត្ថភាព និងខ្វះលទ្ធភាពក្នុងការសម្រេចកិច្ចការនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូច្នេះអាចនិយាយបានថា ស្ថិតក្នុងដៃថ្នាក់ខេត្តទាំងអស់។
- ទី២ ច្បាប់ទម្លាប់ និងរបៀបគ្រប់គ្រងខុសគ្នា រវាងខាងជើង និងខាងត្បូង។ ដោយសារទើបតែបង្រួបបង្រួមប្រទេស ដែលមានប្រព័ន្ធគ្រប់គ្រង ២ ដាច់ស្រឡះពីគ្នា គឺខាងជើងគ្រប់គ្រងតាមរបៀបសង្គមនិយមផ្តាច់ការ និងយកអំណាចកណ្តាលជាធំ ចំណែកខាងត្បូងគ្រប់គ្រងតាមរបៀបលោកខាងលិច ដែលប្រព័ន្ធរដ្ឋបាលមានលក្ខណៈរប៉ាត់រប៉ាយ មិនសូវនឹងនរ ដូច្នេះហើយ ការបង្រួបបង្រួមរដ្ឋបាលទាំងពីរតំបន់ដែលមាន វប្បធម៌រដ្ឋបាល និង នីតិវិធីប្រតិបត្តិការ ខុសគ្នាស្រឡះ ក្នុងរយៈពេលខ្លី នាំឲ្យមានភាពច្របូកច្របល់ និងការតស៊ូផ្ទៃក្នុង។
- ទី៣ កង្វះធនធានមនុស្ស ការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលដ៏ធំយ៉ាងតក់ក្រហល់ពេក ស្របពេលជាមួយនឹងការផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចដ៏ធំមួយទៀត បានធ្វើឲ្យប្រព័ន្ធរដ្ឋបាលរងសម្ពាធខ្លាំង និងមិនអាចសម្របខ្លួនបានទាន់ពេលវេលា។ ជារួម ទោះបីជាមានការបង្រួមរដ្ឋបាលក៏ដោយ ក៏រដ្ឋាភិបាលថ្មីមិនមានលទ្ធភាពផ្តល់បុគ្គលិកមានសមត្ថភាព និង ថវិកាគ្រប់គ្រាន់ ដើម្បីធានាឲ្យអង្គភាពដែលបានបង្រួមអាចដំណើរការប្រកបដោយប្រសិទ្ធភាពនោះទេ។
ដូច្នេះ ការសម្រេចចិត្តបង្រួមខេត្តចំនួន ៧២ (នៅត្រឹមឆ្នាំ១៩៧៥) ឲ្យនៅសល់ត្រឹម ៣៨ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងកណ្តាល និងសន្សំសំចៃធនធានត្រូវបរាជ័យ។
ក្រោយធ្វើកំណែទម្រង់គ្មានប្រសិទ្ធភាព និងទាញប្រព័ន្ធរដ្ឋបាលឲ្យកាន់តែដើរអូសជើង រដ្ឋការវៀតណាមបានដាក់ចេញផែនការថ្មីមួយទៀត គឺ ផែនការ ឬ គោលការណ៍យោបាយ ដូយម៉ឺយ (Đổi Mới) នៅឆ្នាំ ១៩៨៦។ គោលនយោបាយនេះមានសកម្មភាព ២ គឺ៖
- ១. រៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិឡើងវិញ ដោយបំបែកខេត្ត/ក្រុងកណ្តាល ដែលមានទំហំធំៗទាំង ៣៨ ទៅជាខេត្ត/ក្រុងតូចៗចំនួន ៦៣។
- ២. ជាមួយគ្នានេះ រដ្ឋការវៀតណាមបានបង្វែទិសដៅកំណែទម្រង់ទៅផ្តោតលើការកាត់បន្ថយចំនួនក្រសួង និងស្ថាប័ន ដែលមានមុខងារត្រួតគ្នា ដើម្បីបំប្លែងយន្តការពីការគ្រប់គ្រងតាមផែនការ ទៅជាយន្តការសេដ្ឋកិច្ចទីផ្សារ។ កំណែទម្រង់នេះបានបង្រួមក្រសួង-ស្ថាប័នជាច្រើនបញ្ចូលគ្នា។
នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ក្រសួង-ស្ថាប័នវៀតណាមកើនឡើងពី ២៨ ទៅដល់ ៣១ ក្រសួង-ស្ថាប័ន ដែលមានគណៈរដ្ឋមន្ត្រីឈ្មោះថា ក្រុមប្រឹក្សារដ្ឋាភិបាល។ ក្រុមប្រឹក្សារដ្ឋាភិបាល បានប្តូរឈ្មោះទៅជា ក្រុមប្រឹក្សារដ្ឋមន្ត្រីនៅឆ្នាំ ១៩៨០។
នយោបាយដូយមឺយ ១៩៨៦ ហាក់ទទួលបានជោគជ័យខ្លះដែរ ដោយវាបានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងល្បឿននៃការអភិវឌ្ឍនៅមូលដ្ឋាន។ ប៉ុន្តែការផ្លាស់ប្តូរពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ បានធ្វើឲ្យរដ្ឋការវៀតណាមប្រឈមនឹងបញ្ហាមួយទៀត គឺ សេវារដ្ឋបាលសាធារណៈ។ សេវារដ្ឋបាលសាធារណៈកាលនោះមានភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងយឺតយ៉ាវ ដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងទូលំទូលាយដល់ការវិនិយោគ និងបម្រើដល់តម្រូវការសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋការវៀតណាមបានដាក់ចេញនូវគោលនយោបាយកែទម្រង់ជាសកលមួយទៀត ដែលហៅថា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ (Public Administration Reform – PAR) នៅឆ្នាំ ១៩៩៥ ដោយកំណត់បេសកកម្មសំខាន់ៗចំនួន ៣៖
- ១. កែទម្រង់នីតិវិធីរដ្ឋបាល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងទប់ស្កាត់អំពើពុករលួយ។
- ២. កែសម្រួលរចនាសម្ព័ន្ធអង្គភាពឲ្យមានលក្ខណៈរៀបរយ និងមានមុខងារច្បាស់លាស់។
- ៣. បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ។ ទោះបីជាដំណើរការនេះត្រូវបានរដ្ឋាភិបាលវៀតណាមទទួលស្គាល់ថា យឺតយ៉ាវ នៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែក៏មានការរីកចម្រើនគួរកត់សម្គាល់នៅតាមមូលដ្ឋានមួយចំនួន ដូចជា ទីក្រុងហូជីមិញជាដើម។
កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) គឺជាគោលនយោបាយកែទម្រង់ដ៏សំខាន់មួយរបស់រដ្ឋការវៀតណាម ដែលប្រើរយៈពេល ៣០ ឆ្នាំ ដើម្បីឈានឆ្ពោះទៅកាន់គោលបំណងចម្បង រដ្ឋាភិបាលឌីជីថល និងការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដែលរួមបញ្ចូលទាំងការបង្រួមក្រសួង និងការរៀបចំរដ្ឋបាលពីរថ្នាក់ (ខេត្ត/ក្រុង និងឃុំ) ពេញលេញជាស្ថាពរ។
កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR) ត្រូវបានដាក់ចេញជាដំណាក់កាលយុទ្ធសាស្ត្របន្តបន្ទាប់រួមមាន៖
- ដំណាក់កាលទី១ ឆ្នាំ១៩៩៥ – ២០០០ មានគោលបំណងចម្បង ដាក់ចេញនូវក្របខ័ណ្ឌច្បាប់ និងស្ថាប័នមូលដ្ឋាន ដើម្បីផ្តើមការកែទម្រង់នីតិវិធីរដ្ឋបាល។ គោលដៅ គឺផ្តោតលើការកាត់បន្ថយនីតិវិធីរដ្ឋបាល លើវិស័យសំខាន់ៗដូចជា ការវិនិយោគ និងដីធ្លី។
- ដំណាក់កាលទី២ ឆ្នាំ២០០១ – ២០១០ មានគោលបំណងចម្បង ក្នុងការពង្រីកកំណែទម្រង់ទៅលើសមាសធាតុសំខាន់ៗចំនួន ៤ រួមមាន៖ ស្ថាប័នរដ្ឋបាល រចនាសម្ព័ន្ធអង្គភាពរដ្ឋាភិបាល លើកកម្ពស់គុណភាពមន្ត្រីរាជការ និងហិរញ្ញវត្ថុសម្រាប់រដ្ឋបាលសាធារណៈ។ កំណែទម្រង់នេះមានគោលដៅ បង្កើនការធ្វើ “វិមជ្ឈការ” អំណាចទៅថ្នាក់ក្រោមជាតិ។
- ដំណាក់កាលទី៣ ឆ្នាំ២០១១ – ២០២០ ផ្តោតលើការកសាងរដ្ឋបាលទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា (E-Government) និងការកែទម្រង់តួនាទីរបស់រដ្ឋាភិបាល ដែលមានគោលដៅជំរុញការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក និងការកាត់បន្ថយការិយាធិបតេយ្យជាសកល។
- ដំណាក់កាលទី៤ ឆ្នាំ២០២១ – ២០៣០ ផ្តោតលើការកែទម្រង់ទម្រង់ឌីជីថល (Digital Transformation) ឈានឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល និងការបង្រួមរចនាសម្ព័ន្ធរដ្ឋបាល ដែលរួមបញ្ចូលទាំងការបង្រួមក្រសួង និងការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យនៅត្រឹមពីរថ្នាក់។
ដូច្នេះ គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រដ្ឋការវៀតណាមបានឈានមកដល់ដំណាក់កាលចុងក្រោយ ដោយគេបានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ដ៏ធំបំផុតក្នុងប្រវត្តិចាប់តាំងពីការរួបរួមជាតិ គឺការបង្រួមរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលមូលដ្ឋាន កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ តាមរយៈកំណែទម្រង់នេះ រដ្ឋការវៀតណាមបានកាត់បន្ថយចំនួនអង្គភាពរដ្ឋបាលកម្រិតខេត្ត/ក្រុងពី ៦៣ មកនៅសល់ត្រឹមតែ ៣៤ ដែលក្នុងនោះមាន ២៨ ខេត្ត និង ៦ ក្រុងកណ្តាល។ ជាមួយគ្នានេះ គេបានលុបបំបាត់រដ្ឋបាលថ្នាក់ស្រុក និងទីរួមខេត្តមួយចំនួន (ខេត្តដែលបង្រួមចូលគ្នា) និងលើកកម្ពស់កម្រិតឃុំ/សង្កាត់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ខេត្ត និងក្រុងកណ្តាល។ ទំហំវិសាលភាពរដ្ឋបាលឃុំ-សង្កាត់ត្រូវបានពង្រីកកាន់តែធំ ដោយសាររដ្ឋបាលកម្រិតនេះ ត្រូវបានបង្រួមពីចំនួនប្រមាណ ១០ ០៣៥ ឃុំ-សង្កាត់ មកនៅសល់ត្រឹម ៣ ៣២១ ឃុំ-សង្កាត់ប៉ុណ្ណោះ។ គោលបំណងសំខាន់នៃកំណែទម្រង់នេះគឺកាត់បន្ថយការិយាធិបតេយ្យ លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាល សន្សំសំចៃថវិកា និងទប់ស្កាត់អំពើពុករលួយ។
ចំណែកឯរដ្ឋបាលថ្នាក់ជាតិកម្រិតក្រសួង-ស្ថាប័នរបស់រដ្ឋការវៀតណាម បានកើនឡើងពី ២៨ ទៅដល់ ៣១ នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៨៦ និងបន្តកើនឡើង រហូតដល់ជិត ៤០ ក្រសួង-ស្ថាប័ននៅត្រឹមឆ្នាំ ១៩៨៧។ ចាប់ពីឆ្នាំ ១៩៨៨ ចំនួនក្រសួង-ស្ថាប័នបានថយចុះរហូតដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៥) គណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មាន ២២ ក្រសួង-ស្ថាប័ន ក្នុងនោះក្រសួងចំនួន ១៨ និងស្ថាប័នកម្រិតក្រសួងចំនួន ៤ និងឈានឆ្ពោះទៅនៅត្រឹម ១៧ ក្រសួង-ស្ថាប័នប៉ុណ្ណោះ។
ទោះជាយ៉ាងណា ពេលនេះជាគ្រាដំបូងនៃកំណែទម្រង់បង្រួមរដ្ឋបាល ដែលមិនទាន់អាចវាយតម្លៃពីលទ្ធផលបាននៅឡើយ។ ម្យ៉ាងវិញទៀត ពេលនេះ គឺស្ថិតក្នុងកាលៈទេសៈមួយដែលមិនអាចប៉ាន់ស្មានថា តើវៀតណាមអាចជួបបញ្ហាដូចកាលពីកំណែទម្រង់ឆ្នាំ ១៩៧៥-១៩៨៦ ដែរ ឬទេ? ប្រសិនបើឆ្លងផុត នោះវៀតណាមគឺអាចបោះជំហានឆ្ពោះទៅកាន់សករាជថ្មីមួយដ៏ត្រចះត្រចង់មិនខាន។
តាមរយៈអត្ថបទនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា វៀតណាម បន្ទាប់ពីបង្រួបបង្រួមជាតិឲ្យឯកភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលតែមួយ រដ្ឋការវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីរក្សាស្ថិរភាពនយោបាយដឹកនាំប្រទេស ស្ដារប្រទេសក្រោយសង្គ្រាម និងជំរុញការអភិវឌ្ឍ។ ប៉ុន្តែរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានចំណាយពេលវេលា ១០ ឆ្នាំ ក្នុងការអនុវត្តផែនការកែទម្រង់ ដែលមិនត្រឹមតែគ្មានលទ្ធផលនោះទេ បែរជាបន្ថែមទម្ងន់អម្រែកឲ្យជាតិកាន់តែដើរអូសជើង។ ១០ ឆ្នាំបន្ទាប់ ផែនការ ដូយម៉ឺយ (១៩៨៦) ហាក់មិនបានហុចផលជាផ្កាផ្លែធំដុំប៉ុន្មាននោះទេ ប៉ុន្តែវាបានស្រោចស្រង់វៀតណាម ឲ្យផុតពីផ្លូវល្បាប់ភក់នៃវិបត្តិ ដែលកើតចេញពីកំណែទម្រង់ឆ្នាំ ១៩៧៥ និងបានត្រួសត្រាយផ្លូវ សម្រាប់ឲ្យវៀតណាមមានលទ្ធភាពរៀបចំគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ ១៩៩៥ ដែលបានបន្តរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ឈិន ធារ៉ាត់

