
ក្រសួងការងារបានពាំនាំយកឱកាសការងារ ១២, ៦៧២ កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅខេត្តសៀមរាប តាមរយៈពិព័រណ៍ការងារនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។
ពិព័រណ៍ដ៏នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ២១ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ១២,៦៧២ កន្លែង។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងពិព័រណ៍ ឯកឧត្ដម ហេង សួររដ្ឋមន្ត្រីការងារថា ការនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមនេះផ្ទាល់តែម្តង គឺដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា ការទៅធ្វើការងារនៅក្រៅប្រទេស មិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវសម្រេចចិត្តដែរ ថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ជាងនៅក្នុងស្រុកយើង ព្រោះថា អាចទទួលបានប្រាក់ខែច្រើន និងត្រឡប់មកវិញក៏មានជំនាញថែមទៀត។

អ្វីដែលឯកឧត្ដម ហេង សួរ សង្កត់ធ្ងន់គឺ ប្រាក់ឈ្នួលដែលបងប្អូននឹងចុះឈ្មោះនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកមកដល់ទីនេះ អាចទាបជាងប្រទេសថៃបន្តិចមែន ប៉ុន្តែអ្វីដែលបងប្អូនទទួលបានខុសពីការធ្វើការងារនៅប្រទេសថៃនោះ គឺនៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាល ហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារ ចៃដន្យធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបានក៏ ប.ស.ស. នឹងចិញ្ចឹមបងប្អូនពេញមួយជីវិត និងកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុកក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ ១៨ឆ្នាំ។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក គឺទទួលបានប័ណ្ណ ប.ស.ស. អាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គលទៀតផង។ ទន្ទឹមនេះក៏បានរំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាលទៅដល់អតីតពលករ និងប្រជាពលរដ្ឋដែលនៅទីនោះ ដើម្បីទទួលការសិក្សារៀនសូត្រធ្វើឱ្យមានជំនាញបន្ថែមសម្រាប់ជីវិត ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង នឹងទទួលបានជំនាញពិតប្រាកដមួយដើម្បីឆ្លើយតបតាមតម្រូវការសង្គម ដោយស្របតាមពាក្យស្លោកមួយលើកឡើងថា “ជំនាញមួយ គឺជាអនាគតមួយ”។
សូមជាម្រាបថា ពិព័រណ៍ការងារកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកសូទ្រនិគម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀតនាពេលនេះ មានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់៕




