អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទនេះ បានសម្តែងការព្រួយបារម្ភចំពោះការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ដោយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំង២ រក្សាការអត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពដែលនាំឱ្យឡើងកម្ដៅបន្ថែម ខណៈស្ថានភាពនៅតំបន់ព្រំដែនមិនទាន់ថមថយនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric បាននិយាយថា «អគ្គលេខាធិការមានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមផ្លូវអាកាស និងការចល័តអាវុធធុនធ្ងន់នៅតាមតំបន់ព្រំដែន។ លោកជំរុញឱ្យភាគីទាំង២ រក្សាការអត់ធ្មត់ និងបញ្ចៀសរាល់សកម្មភាពដែលនាំឱ្យជម្លោះកើនឡើងបន្ថែមទៀត»។



សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ជម្លោះព្រំដែនបានបណ្តាលឱ្យមាន «ការស្លាប់ និងរបួសរបស់ជនស៊ីវិលយ៉ាងច្រើន រួមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្ដោយព្រំដែននៃប្រទេសទាំង២»។ ក្នុងនោះ លោក Guterres «សង្កត់ធ្ងន់ថា ភាគីទាំង២ ត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌» រួមទាំងប្រើប្រាស់យន្ដការសន្ទនាដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយដោយសន្ដិវិធី៕

